(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់អាចប្រកាសសាលក្រមផ្តន្ទាទាស បុរសនីហ្សេរីយ៉ា២នាក់ ដែលពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជាង១គីឡូក្រាមនៅឡើយទេ ដោយសម្រេចលើកពេលទៅថ្ងៃក្រោយនេះ បើតាមការឲ្យដឹងពីមន្ត្រីពន្ធនាគារព្រៃស។

សូមជម្រាបជូនថា ជនជាតិនីហ្ស៊េរីយ៉ា២នាក់ ទី១៖ ឈ្មោះ Okoro Chukwuka Boniface ភេទប្រុស អាយុ ២៨ឆ្នាំ និងទី២៖ ឈ្មោះ Obiora Doze Frank ភេទប្រុស អាយុ៣៤ឆ្នាំ ពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧៦ ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនការកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទ ឈ្មោះ Okoro Chukwuka Boniface ទទួលស្គាល់ថា គ្រឿងញៀនទាំងអស់ជារបស់គេ ដែលបញ្ជាទិញពីប្រទេសកូឡំប៊ី ក្នុងតម្លៃ១៥,០០០ដុល្លារ។

ចំណែកជនជាប់ចោទឈ្មោះ Obiora Doze Frank ឆ្លើយថា រូបគេអត់ដឹងរឿងគ្រឿងញៀននោះទេ នៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួន រូបគេគ្រាន់តែបើករថយន្ត ជូនមិត្តភក្តិទៅមន្ទីរពេទ្យតែប៉ុណ្ណោះ៕