(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តលើកកម្ពស់សេវាគាំពារសុខមាលភាពទូទាំងប្រទេស ឲ្យកាន់តែប្រសើរថែមទៀត ទន្ទឹមគ្នានឹងការផ្តល់ជូនសេវាពិនិត្យសុខភាពឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្រីក្រ និងខ្វះលទ្ធភាពទូទៅ។

«គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងសេវាគាំពារសុខមាលភាពជូនប្រជាពលរដ្ឋ តាមរយៈរបបបេឡាសន្តិសុខសង្គម និងផ្តល់ជូនការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដូចនៅតាមប្រទេសជឿនលឿននានា។ គ្រាន់តែនៅក្នុងស្រុកព្រៃឈរ ខ្ញុំបានផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ដើម្បីទុកដឹកជញ្ជូនបងប្អូន ពេលមានជម្ងឺធ្ងន់ធ្ងរ ឬគ្រោះអាសន្នផ្សេងៗដោយឥតគិតថ្លៃ។ រថយន្តនេះ អាចជួយសង្គ្រោះអាយុជីវិតបងប្អូនទាន់ពេលវេលា និងអាចកាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូន គឺបងប្អូនគ្រាន់តែហៅលេខទូរស័ព្ទ ដែលបិទនៅលើរថយន្តទាំងពីរតែប៉ុណ្ណោះ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោក ប៉ាន សូរស័ក្តិ លើកឡើងដូច្នេះក្នុងឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងឃុំសូរសែន្យនៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀល​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមតំណក់ភ្លៀងរលឹម ដែលការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។

ក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិកទាំងអស់ អំពីផែនការសកម្មភាព រយៈពេល ៥ឆ្នាំ​ ដែលបានកំណត់នៅក្នុងគោលនយោបាយទាំង ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ចាប់ពីឆ្នាំ២០១៨-២០២៣។ ផែនការសម្មភាពទាំងអស់នេះ មិនមែន​ជាការសន្យាខ្យល់ឡើយ តែជាចក្ខុវិស័យដែលមានការគិតគូរប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

លោកប្រធាន ក៏បានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕