(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា កំណើនពាណិជ្ជកម្មតាមផ្លូវអាកាស បានឆ្លុះបញ្ចាំង ពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងការបន្តបោះទុនវិនិយោគ ជាបន្តបន្ទាប់គួរជាទីមោទន។

លោកបណ្ឌិត គុណ ញឹម បានថ្លែងអះអាងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានជួបប្រិតភូក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airport) ដឹកនាំដោយលោក Eric DELOBEL អគ្គនាយក នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្នុងគោលបំណងបង្ហាញនូវវឌ្ឍនភាព ស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងផ្តល់កិច្ចសហការបន្ថែម នាពេលអនាគតក្នុងបរិការណ៍ ដែលទំហំពាណិជ្ជកម្មតាមផ្លូវអាកាស មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះកំណើនពាណិជ្ជកម្មតាមផ្លូវអាកាស ដែលបានឆ្លុះបញ្ចាំង ពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន​ សែន ប្រមុខរាជារដ្ឋាបាលនៃកម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងការបន្តបោះទុនវិនិយោគ ជាបន្តបន្ទាប់គួរជាទីមោទន»

ជាមួយគ្នានេះលោកបណ្ឌិត គុណ ញឹម បានលើកឡើងពីតួនាទីសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺការប្រមូលពន្ធ និងអាករចូលថវិកាជាតិ, កិច្ចសម្រួលពាណិជ្ជកម្ម, ការចូលរួមផ្តល់សន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូល តាមរយៈការបង្កា និងបង្ក្រាបអំពើរត់គេចពន្ធ នូវទំនិញគ្រប់ប្រភេទរួមទាំងអាវុធ ជាតិផ្ទុះ គ្រឿងញៀន និងទំនិញជាប់អាយ័តផ្សេងទៀត តាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនឹងការត្រៀមបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោកបណ្ឌិត បានស្នើសុំកិច្ចសហការ ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ក៏ដូចជាចូលរួមកិច្ចប្រតិបត្កិការគយផ្សេងទៀត ដែលរដ្ឋបាលគយកម្ពុជា កំពុងបន្ត និងជំរុញកំណែទម្រង់ និងទំនើបកម្មរបស់ខ្លូន ដូចជាការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មគយនានា ក៏ដូចជាប្រព័ន្ធបញ្ជរតែមួយជាតិ (National Single window) ជាដើម។

នាឱកាសនេះលោក Eric DELOBEL បានថ្លែងអំណរគុណដល់ កិច្ចសហការរបស់រដ្ឋបាលគយដែលបាននឹងកំពុងផ្តល់សេវា និងកិច្ចសហការ សម្រាប់អាកាសយានដ្ឋានទាំងបី (ភ្នំពេញ សៀមរាប និងកងកេង) ជាពិសេសកិច្ចសហការរបស់មន្ត្រីគយ និងរដ្ឋាករដែលបំពេញភារកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ដែលអាចឆ្លើយតបបានទាន់ពេលវេលានឹងកំណើនទំហំពាណិជ្ចាកម្ម ដែលគ្របដណ្តប់ប្រមាណ៤០% នៃសកម្មភាពរបស់អាកាសយានដ្ឋាន ទាំងមូលក្នុងឆ្នាំ២០១៦ និង២០១៧ កន្លងមក។

លោក Eric DELOBEL បានបន្តថា ដើម្បីឆ្លើយតបនឹង កំណើនពាណិជ្ចកម្មតាមផ្លូវអាកាស ក្រុមហ៊ុននឹងកសាងនូវ Cargo terminal ថ្មីមួយទៀត និងបំពាក់ឧបករណ៍មួយចំនួនទៀត ដូចជា៖ ម៉ាស៊ីន X-Ray ថ្មី សម្រាប់ស្កែនអ្នកដំណើរជាដើម ដែលទាមទារឱ្យមានកិច្ចសហការបន្ថែម ពីរដ្ឋបាលគយកម្ពុជា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងធានាបានសុវត្ថិភាព នៃការហោះហើរ ក៏ដូចជាសន្តិសុខសាធារណៈទាំងមូល៕