​(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញបញ្ចុះបឋមសិលា​កសាង អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកថ្មី ស្ថិតនៅភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងនោះក៏មានការចូលរួមពី ​​គណៈស្នងការ លោកនាយការិយាល័យ លោកអធិការ អធិការរង និងលោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនៃអធិការដ្ឋាន​ស្រុកកំពង់សៀម ព្រមទាំងតាជីយាយជី​ផងដែរ។

លោកឧត្តមសេនីយ៍ទោ ឯម កុលស បានឲ្យដឹងថា ​ចំពោះសមិទ្ធិផលថ្មី ដែលបាននិងកំពុងរៀបចំសាងសង់នេះ គឺមានអគារដែលជាកន្លែង ធ្វើការងាររដ្ឋបាលរបស់មន្ត្រីនគរបាល ដើម្បីបង្ក​លក្ខណៈងាយស្រួល ក្នុងការអនុវត្តការងារជំនាញ នាពេលបច្ចុប្បន្ន។

បើតាមលោកស្នងការ អគារដែលត្រូវសាងសង់នេះមានបណ្ដោយ​៩ម៉ែត្រ និងទទឹង​១១ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់​ក្បឿង ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានស្ថាបនា នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ហើយអគារចាស់ពីមុន គឺជាអគារប៉ុស្តិ៍ដែលមានស្ថានភាពចាស់ ទ្រុឌទ្រោមខ្លាំង មិនសក្តិសមជាកន្លែងធ្វើការងារ និងផ្តល់សេវាជូន​​ប្រជាពលរដ្ឋជាហេតុធ្វើឲ្យមិនមានប្រសិទ្ធភាព ការងារ និងការគោរពវិន័យមានការធ្លាក់ចុះ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំ ដល់ក្រុមជាងសាងសង់ឲ្យមានគុណភាព និងស្តង់ដារ បច្ចេកទេស ដែលក្រសួងបានកំណត់៕​