(កំពង់ចាម)៖ មកដល់ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ និង​លោកស្រី បានបន្តចុះជួបសំណេះសំណាល ជាមួយសកម្មជន និង​អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិ ឃុំ​នានា ក្នុងខេត្តកំពង់ចាម ដែលមានខ្មែរឥស្លាមរស់នៅច្រើន។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ពិធីជួបសំណេះសំណាល បានធ្វើឡើងនៅ២កន្លែងសំខាន់ៗ​គឺ នៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និង​ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន សរុបអ្នកចូលរួមជាង​១,៤០០នាក់។​

ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងពីសមិទ្ធផលជាច្រើនលើសលប់ ជាគុណបំណាច់របស់គណបក្សប្រជាជានកម្ពុជា ដែលបានសាងជូន ប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈដែលមិនអាចកាត់ថ្លៃបាន ហើយពលររដ្ឋកម្ពុជាទាំងមូល​ដែលកូន​ចៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន​ នូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វីជាការសងគុណសម្រាប់យើងជាប្រជានុរាស្រ្ត ដែលកំពុងរួមរស់ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ គណបក្សប្រជាជននេះទេ ក្រៅពីការគាំទ្រ និង​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរាល់អាណត្តិ។​

លោកបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត ការផ្ញើវាសនា និង​គាំទ្រដោយឥតងាករេ​មកកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និង​មោទនភាពដើម្បីគណបក្សប្រជាជនកម្ពុជា បានរួមរស់ជាមួយជាមួយពលរដ្ឋ និង​បន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍ​ រីកចម្រើនទៅមុខជាលំដាប់។

លោកប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់បងប្អូន សូមកុំភ្លេចឲ្យសោះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺ​ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត៕