(ភ្នំពេញ)៖ បន្ទាប់ក្រសួងទេសរណ៍ចេញប្រកាសពីគម្រោងផ្តល់ប្រាក់កម្ចីសម្រាប់សិស្ស-និស្សិត ក្នុងវិស័យទេសចរណ៍រួចមក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ឡី សុភាព សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានចេញមុខគាំទ្រគោលនយោបាយដ៏ពិសេសនេះ ហើយបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមជួយជ្រោមជ្រែងដល់សិស្ស-និស្សិត និងយុវជនកម្ពុជាទាំងឡាយឱ្យមានលទ្ធភាពបន្តការសិក្សាទាំងចំណេះដឹងទូទៅ និងចំណេះដឹងវិជ្ជាជីវៈ។

នៅថ្ងៃម្សិលមិញ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសស្ដី គម្រោងកម្ចីសម្រាប់សិស្ស-និស្សិតក្នុងវិស័យទេសចរណ៍ ក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនប្រាក់ចំណូល និង​បង្កើតឱកាសការងារដោយផ្ទាល់ និងដោយប្រយោលយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាមួយលក្ខខណ្ឌដែលមានលក្ខណៈងាយស្រួល។

លោក ជួប រតនា ប្រធានការិយាល័យវាយតម្លៃស្ដង់ដាទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដូចខាងក្រោម៖
* ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ៥០%​។
* ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ១០០% ដោយចូលរួមជំរុញការផ្សព្វផ្សាយយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។
* ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ៤ និងលេខ៨។

ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដែលបានដាក់ចេញផែនការយ៉ាងដូច្នេះ ទើបនាយកសាលាដែលពោរពេញទៅដោយមហិច្ចតាចង់ពង្រីកវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយជាបងធំសេដ្ឋកិច្ចនៅអាស៊ានរូបនេះ បានដាក់ចេញនូវគោលការណ៍ជួយជ្រោមជ្រែងចំនួ៤ រួមមាន៖

១៖ សម្រាប់សិស្ស-និស្សិត យុវជនកម្ពុជាទាំងឡាយណា ដែលចង់បន្តការសិក្សាទាំងចំណេះដឹងទូទៅ និងចំណេះដឹងវិជ្ជាជីវៈ សូមអញ្ជើញមកទំនាក់ទំនងជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា នឹងទំនាក់ទំនងជាមួយធនាគារនានា ដើម្បីផ្ដល់ប្រាក់កម្ចីឥណទានជូនដល់អ្នកចង់បន្តការសិក្សាទាំងនោះ។

២៖ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា នឹងស្វែងរកដៃគូរអភិវឌ្ឍន៍ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍នានាដែលត្រូវការបុគ្គលិក ឱ្យជួយផ្ដល់លទ្ធភាពសម្រួលដល់អ្នកចង់បន្តការសិក្សា។

៣៖ លោកបណ្ឌិត ឡី សុភាព នឹងខិតខំទំនាក់ទំនងជាមួយបណ្តាឥស្សរជន សប្បុរសជននានាឱ្យជួយជ្រោមជ្រែងដល់សិស្ស និស្សិត យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យមានលទ្ធភាពបន្តការសិក្សា។

៤៖ ប្រសិនបើគ្មានដៃគូរដូចមានរៀបរាប់នៅក្នុងចំណុចទី១, ទី២ និងទី៣ទេ សាលាទេសចរណ៍របស់លោកបណ្ឌិត ឡី សុភាព នឹងផ្ដល់អាហារូបករណ៍ដល់អ្នកចង់បន្តការសិក្សាទាំងនោះ ដែលមកទំនាក់ទំនងជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ពោលធានាថា រាល់អ្នកដែលមកទំនាក់ទំនងជាមួយវិទ្យាស្ថាន ដើម្បីទទួលបានលទ្ធភាពបន្តការសិក្សា ត្រូវទទួលបានការជួយជ្រោមជ្រែងគ្រប់ៗគ្នា។

លោក ឡី សុភាព បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក៏ដូចជាក្រសួងទេសចរណ៍ ដែលមានលោក ថោង ខុន ជារដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ចំពោះអ្នកបម្រើសេវាកម្មតាមពិធីមង្គលការ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ ពិសេសអ្នកគ្រប់គ្រង និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ក្នុងការផ្ដល់នូវតម្លៃ និងអត្ថប្រយោជន៍នៃការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការសេវាកម្មរបស់ភ្ញៀវ។

លោកបន្តថា ការផ្លាស់ប្ដូរវិជ្ជមានមួយចំនួនបានលេចចេញឡើងក្នុងវិស័យទេសចរណ៍ ចំពោះអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ដូចជា៖
* ចំពោះបុគ្គលិក៖ ពីការមិនដែលទទួលបានការបណ្ដុះបណ្ដាល មកទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ពីគ្មានការទទួលស្គាល់ មកមានការទទួលស្គាល់ច្បាស់លាស់ ស្របតាមខ្លឹមសារ «បុគ្គលិកម្នាក់ ជំនាញមួយ»។
* ចំពោះសេវាកម្ម៖ ពីគ្មានគុណភាព មកមានគុណភាពពេញចិត្ត ពីគ្មានអនាម័យ មកមានអនាម័យត្រឹមត្រូវ ពីគ្មានស្ដង់ដា មកមានស្ដង់ដាក្នុងកម្រិតល្អប្រសើរមួយ ស្របតាមស្មារតី «សេវាកម្មមួយ ស្ដង់ដាមួយ»។

សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រួមជាមួយដៃគូរនានា ក៏កំពុងទទួលបណ្ដុះបណ្ដាលនិស្សិត យុវជន ក៏ដូចជាអ្នកកំពុងបម្រើសេវាកម្មតាមពិធីមង្គលការ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ ពិសេសអ្នកគ្រប់គ្រង និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ជាច្រើនម៉ឺននាក់ផងដែរ សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការសេវាកម្មរបស់ភ្ញៀវ។

ជាក់ស្ដែង នៅថ្ងៃម្សិលមិញ អ្នកដែលកំពុងបម្រើសេវាកម្មតាមពិធីមង្គលការ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ អ្នកគ្រប់គ្រង និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណជិត ១,៣០០នាក់ ក៏បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីក្រសួងទេសចរណ៍ផងដែរ ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលនៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់លោកបណ្ឌិត ឡី សុភាព៕