(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០១៨នេះ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករនិយោជិតចំនួនជាង៥០ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បានដាក់ញត្តិស្នើដល់សហភាពអឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។

យោងតាមញត្តិក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ធំជាងគេទី២ របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងារ រាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនី រាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេ នៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឲ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។

ក្នុងញត្តិបានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានតួនាទីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតទាំងអស់ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា សូមទទូចដល់អឺរ៉ុប មេត្តាពិចារណាឲ្យបានហ្មត់ចត់ ពីផលប៉ះពាល់ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា ដែលការដកនេះ នឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ ដល់ការងារ និងជីវភាពរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេជិត៣លាននាក់។

បើតាមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា កម្មករនិយោជិតទាំងអស់ មិនមែនជាអ្នកនយោបាយ និងមិនគួររងគ្រោះដោយសារការដក EBA ចេញពីកម្ពុជាក្រោមហេតុផលនយោបាយនោះទេ៕