(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទូចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សេក រស់ មេបញ្ជាការសឹករងខេត្ត ឲ្យមកចូលរួមប្រជុំនៅក្នុងកម្មវិធីប្រជុំស្តីពី ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨នេះ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់ទុកការមិនមកប្រជុំរបស់មេកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរបស់ខេត្តតាកែវខាងលើនេះ គឺជាការមិនទទួលខុសត្រូវ និងមិនគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីមានសមត្ថកិច្ច ព្រោះកិច្ចប្រជុំពីបញ្ហាគ្រឿងញៀននេះ មានសំខាន់ខ្លាំងណាស់ ដែលត្រូវតែមានវត្តមានរបស់មេៗកម្លាំងសមត្ថកិច្ចចូលរួម ដើម្បីស្វែងរកវិធានការណ៍ដោះស្រាយ ចំពោះការរីករាលដាល នៃការប្រើប្រាស់ ចែកចាយគ្រឿងញៀន និងធ្វើយ៉ាងណាដើម្បីបង្រា្កប និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ក៏ប៉ុន្តែបែរជាគ្មានវត្តមានមេសមត្ថកិច្ច ចូលរួមទៅវិញ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានបញ្ជាឲ្យលោកនាយករដ្ឋបាលសាលាខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះបញ្ជីវត្តមានចំពោះមន្រ្តីរាជការណាដែលអវត្តមាន និងមានវត្តមាន ដើម្បីមានវិធានការណ៍ចំពោះមន្រ្តីណា ដែលអវត្តមានដោយគ្មានមូលហេតុពិតប្រាកដ។