(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន មិនមែនត្រឹមតែរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុណ្ណោះនោះទេ។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋ មកពីភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ សរុបជាង៥០០នាក់ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មិនត្រឹមតែរំដោះនោះទេ...បានជួយសង្គ្រោះប្រជាជនកម្ពុជា ដោយមានរស់រានមានជីវិត តាមរយៈការដោះស្រាយជីវភាពរបស់ប្រជាជន គ្រប់បែបយ៉ាងទាំងអស់»

ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ខេត្ដកំពង់ចាម រូបនេះ បានបញ្ជាក់ទៀតថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នោះទេ ក៏គ្មានសន្ដិភាព រហូតដល់បច្ចុប្បន្នផងដែរ។

លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមទៀតថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រធា​ន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យអង្គការចាត់តាំងរប​ស់ខ្មែរក្រ​ហ​ម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើ​តបានសុខសន្តិភា​ព និងការអភិវឌ្ឍ ចាប់តាំងពីចុងឆ្នាំ១៩៩៨មក នេះគឺជាសច្ចធម៌ប្រវ​ត្តិ​សា​ស្រ្ត ​​ដែលមិនអាចបំភ្លៃបាន។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងថា នេះហើយជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃដ៏ធំធេង សង្គ្រោះប្រជាជនឲ្យរួចផុត ពីគ្រោះប្រល័យពូជសាសន៍ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព រហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត បានឲ្យដឹងផងដែរថា ជាក់ស្ដែង នៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះ មានកម្មករ ២០,៣៩០ នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា ក្រោយបោះឆ្នោត បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នឹងបន្ដអភិវឌ្ឍកាន់តែខ្លាំង លើការរក្សាសន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងបន្ដអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើគ្រប់វិស័យឲ្យកាន់តែខ្លាំង។

ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ច លើគ្រប់វិស័យ (រោងចក្រសហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, បណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ -ល-)។ នេះជាការគូសបញ្ជាក់ពីលោកបណ្ឌិត ម៉ា ឈឿន។

លោក បានលើកឡើងទៀតថា ប្រទេសកម្ពុជា មិនយកពន្ធលើដីស្រែបង្កបង្កើនផល ជាលក្ខណៈគ្រួសារ និងរកទីផ្សារលក់កសិផលពីប្រជាពលរដ្ឋ ដូចប្រទេសជិតខាងនោះឡើយ។ ហើយចំពោះអ្នកលក់ដូរអាជីវករ មានសិទ្ធិផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអ្នកលក់ដូរតូចតាច ដោយមិនឲ្យបង់ផាស៊ីផងដែរ។

ជាមួយគ្នានោះ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍៕