(បាត់ដំបង)៖ ទឹកស្ទឹងសង្កែខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានហក់ឡើងខ្ពស់រហូតដល់១២ម៉ែត្រហើយ។ ជាមួយស្ថានភាពទឹកឡើងបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថិតក្នុងភាពជិតប្រកាសអាសន្ន។

នៅលើ Facebook របស់ខ្លួននៅព្រឹកថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតំបន់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង បានបង្កឲ្យទឹកនៅក្នុងអាងទឹកពហុបំណងបាត់ដំបង ក្នុងស្រុករតនមណ្ឌល កើនឡើងយ៉ាងគំហុកនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ។

ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននិងកំពុងសហការជាមួយក្រុមហ៊ុនសាងសង់របស់ចិន ធ្វើការបើកទ្វារទឹកអាងទាំង៧ប្រឡោះ ដើម្បីរំដោះធារទឹកមួយផ្នែក ទៅកាន់ប្រព័ន្ធ ធារាសាស្ត្រកង្ហត សម្រាប់ផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលរបស់កសិករ និងមួយផ្នែកទៀតទម្លាក់តាមស្ទឹងសង្កែ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម។

ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បានលើកឡើងថា ឥទ្ធិពលអាកាសធាតុសំពាធប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឲ្យទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ នៅក្នុងខេត្តបាត់ដំបង និងនៅតំបន់ប៉ែកខាងលើជាប់ខេត្តបាត់ដំបងដូចជា នៅប្រទេសថៃ តំបន់ខេត្តប៉ៃលិន និងស្រុកសំឡូតជាដើម ជាហេតុ​​រុញច្រានទឹកយ៉ាងគំហុកចូលមកក្នុងស្ទឹងសង្កែរហូត
កម្ពស់១២ម៉ែត្រ។

រយ:ពេលទឹកភ្លៀងហក់ឡើងខ្លាំងនេះចាប់តាំងពីថ្ងៃទី៩ មកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ទឹកស្ទឹងបានឡើងជាបន្តបន្ទាប់រហូតដល់កម្ពស់១២ម៉ែត្រ ខណៈពេលមុនថ្មីៗនេះ ទឹកស្ទឹងសង្កែមានកម្ពស់ត្រឹមបាតស្ទឹងប៉ុណ្ណោះ។

លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ធ្លាប់បានលើកឡើងកន្លងមកថា កាលណាទឹកភ្លៀងបន្តធ្លាក់ច្រើននៅប៉ែកខាងលើ ជាហេតុនាំឲ្យទឹកភ្លៀងបានហូរចាក់ចូលមកចាល់ និងទំនប់ពហុបំណងសេកសក ក្នុងស្រុករតនៈមណ្ឌល និងសំណង់ទ្វាទឹកធារាសាស្រ្តកង្ហត ក្នុងស្រុកបាណន់រួចហើយ មន្ត្រីជំនាញបានបើកទ្វារទឹកនោះ ដើម្បីរក្សាកម្ពស់ទឹកក្នុងទំនប់ឲ្យនៅដដែល ធ្វើឲ្យទឹកក្នុងស្ទឹងសង្កែឡើងខ្ពស់តែម្តង៕