(កណ្តាល)៖ យុវជនម្នាក់ ត្រូវបានស្ទាវ១ក្រុមជិត១០នាក់ ព្រួតដេញកាប់ ខណៈយុវជនរងគ្រោះ ចេញមកពីពិធីបុណ្យបញ្ចុះសីមាវត្តកោះទាវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅលើផ្លូវលេខជាតិលេខ ២១បេ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយកើតហេតុ នគរបាលស្រុកកោះធំ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបាន៦នាក់ ក្នុងចំណោមបក្ខពួក៩នាក់ រួចក៏បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់។ ក្រោយការកាត់ទោសពីតុលាការ ជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ប៉ុន្តែជាប់បានតែជិត៤ខែតែប៉ុណ្ណោះ ត្រូវបានតុលាការដោះលែងជនដៃដល់ម្នាក់ ក្នុងចំណោម៦នាក់ឲ្យសេរីភាព។
អ្នកស្រី គីម ស្រ៊ុម ត្រូវជាម្តាយយុវជនរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់បានស្លាប់ ដោយមិនទាន់ទទួលបានសំណងមួយរៀលផង ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព។

អ្នកស្រីបានបន្តទៀតថា គាត់បានដាក់ពាក្យបណ្តឹងទាមទារជំងឺចិត្តមិនទាន់បានដោះស្រាយជូនគាត់ផង ស្រាប់តែដោះលែងអ្នកសម្លាប់កូនគាត់បាត់ទៅហើយ តុលាការធ្វើបែបនេះ គឺអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់ ដែលស្លាប់កូនទាំងមូល ពុំទទួលបានយុត្តិធម៌ បែរជាទទួលបានការឈឺចាប់មកវិញ ពេលដឹងថា អ្នកសម្លាប់កូនគាត់មានត្រូវជាប់ពន្ធនាគារតែ១ដង្ហើមចង្រិត គេមានសេរីភាពបែបនេះនោះ។

អ្នកភូមិក្បាលកោះទាវ បាននិយាយថា គាត់សោកស្តាយពេលលឺថា តុលាការដោះលែងជនដៃដល់ គឺវាលឿនពេក គួរតែដាក់ទោសទណ្ឌឲ្យបានសមរម្យ និងទង្វើរបស់គេបានប្រព្រឹត្តិ មិនគួរណាជាប់ត្រឹមតែជិត៤ខែប៉ុណ្ណោះ ដោះលែងជនដៃដល់ ក្នុងករណីកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃបែបនេះ។

ជនដៃដល់ និងបក្ខពួកទាំង៦នាក់រូមមាន៖ ទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ មុខរបរ​រត់​តុ​ការ​ ជា​ជន​ដៃដល់​, ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​រត់​តុ​ការ​ ជា​អ្នកចូលរួម​, ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​ មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​កាប់​ជ្រូក​លក់​, ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ មុខរបរ​កសិករ​ និងទី​៦-​ឈ្មោះ​ យឹម ឌីណា អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ។ ជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករបើកម៉ូតូលក់ទឹកកក។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្រាប់តែមានជនសង្ស័យពុំស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកស្នងការខេត្តកណ្តាល កម្លាំងសមត្ថកិច្ច តាមឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់នាំយកមកសាកសួរ។ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនោះ ពួកគេធ្លាប់មានគំនុំនិងគ្នា ដោយជនរងគ្រោះធ្លាប់វាយពួកគេ១ខ្សែក្រវ៉ាត់ ទើបពួកគេបានរៀបចំសម្ភារជាដាវសាំម៉ូរ៉ៃ ជិះម៉ូតូតាមស្វែងរកជនរងគ្រោះ លុះប្រទះឃើញក៏កាប់តែម្តងទៅ តែមិនដឹងថា កាប់នោះបណ្តាលឲ្យស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថាស្លាប់។

ក្រោយពីឃាត់ខ្លួន នគរបាលដកហូតវត្ថតាងម៉ូតូ​ចំនួន​២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​០១​គ្រឿង​ និង​ម៉ាក ​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​០៦​គ្រឿង​។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល៕