(ស្វាយរៀង)៖ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋនៅខេត្តស្វាយរៀង បានបេ្តជ្ញាថា និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ និងដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដែលខ្លួនស្រឡាញ់បន្តការងារអភិវឌ្ឍឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។

បើតាមលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា ក្រុងព្រះសីហនុ ក្រុងស្វាយរៀង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានកសាងសាលារៀន ដ៏ស្រស់ស្អាតសម្រាប់សិស្សានុសិស្ស បានរៀនសូត្រ និងបេ្តជ្ញាទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះឪពុក-ម្តាយ និងអាណាព្យាបាលសិស្ស ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគម ប្រឡាយទឹក -ល- និងបេ្តជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នា។ បើតាមសកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅក្រុងស្វាយរៀង បានបង្ហើបឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះថា ពួកគេនឹងទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ផងដែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យអង្គភាព Fresh News ប្រចាំខេត្តស្វាយរៀង ក្រុមអាជីវករ កម្មកររោងចក្រ និងប្រជាពលរដ្ឋទូទៅ សុទ្ធតែបានបង្ហាញជំនឿជឿជាក់ថា និងទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយពួកគេម្នាក់ៗ ហាក់ពុំបានខ្វាយខ្វល់ និងការឃោសនារបស់ លោក សម រង្សី ដែលនៅក្រៅប្រទេសឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយបានប្រើពាក្យថា យុទ្ធនាការដេកផ្ទះឈ្នះឯងស្អីគេនុះ! ។

បើតាមយុវជនម្នាក់ ដែលជាជាងជួសជុលទូរស័ព្ទ នៅផ្សារប្រសូត្រ ស្រុកស្វាយទាប បានបង្ហាញពីអារម្មណ៍រីករាយ ចំពោះការបោះឆ្នោតនេះ ហើយនិងទៅចូលរួមបោះឆ្នោត ទោះបីមានកិច្ចការងាររវល់ ក្នុងការប្រកបរបររកស៊ីយ៉ាងណាក៏ដោយ។

ចំណែកឯកម្មករ-កម្មការិនី រោងចក្រ ដែលកំពុងបម្រើការងារ នៅតាមតំបន់សេដ្ឋកិច្ចពិសេសនានា នៅខេត្តស្វាយរៀង ដែលមានប្រាក់ខែសមរម្យ បើកយ៉ាងទៀងទាត់ ជារៀងរាល់ខែនោះ ក៏បានបង្ហាញអំពីអារម្មណ៍ពេញចិត្ត ក្នុងចូលរួមបោះឆ្នោត ដើម្បីបានទទួលមេដឹកនាំប្រទេស ដែលគិតគូរពីសុខទុកកម្មករ និងទទួលបានការអភិវឌ្ឍរីកចម្រើន បង្កើតការងារបានច្រើនជាបន្តបន្ទាប់ទៀត ជាពិសេសធ្វើឲ្យជីវភាពបានធូធារ បានមួយកម្រឹត។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មិនបានចាប់អារម្មណ៍ ទៅនិងពាក្យសម្តីរបស់ទណ្ឌិត សម រង្សី ដែលតែងតែឃោសនា មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតទេ ដោយពួកគេម្នាក់ៗ គិតតែរវល់រកស៊ី ដើម្បីជីវភាពគ្រួសាររបស់គេ ឲ្យរីកចម្រើនព្រោះពលរដ្ឋបានឃើញយ៉ាងច្បាស់ មិនអាចក្លែងបន្លំបាននោះ គឺសមទ្ធិផលជាច្រើន ដែលកំពុងរីកដុះដាល នៅលើទឹកដីខេត្តមួយនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំគៀងគរអ្នកវិនិយោគទុន ជាច្រើនមកបណ្តាក់ទុនរកស៊ីបង្កើតរោងចក្រ សហគ្រាសរាប់សិបកន្លែងអាច ស្រូបយកកម្មកររាប់ម៉ឺននាក់ ឲ្យមានការងារធ្វើផងដែរ។

ដោយឡែក សម្រាប់ផ្លូវគមនាគមន៍វិញ ក៏មានការរីកចម្រើនជាងមុនផងដែរ ដោយមានផ្លូវក្រាលកៅស៊ូជាច្រើនខ្សែ ផ្លូវលំជនបទ ផ្លូវចាក់បេតុងជាដើម ក្នុងនោះ វិស័យកសិកម្មមានប្រទ្បាយទឹកខ្វាត់ខ្វែង ដោយមានប្រឡាយ កូនភ្លោះ អាចស្រោចស្រប់លើផ្ទៃដី រាប់រាយហិចតា ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់សុទ្ធគ្រឿងចក្រ ក្នុងការភ្ជួររាស់ បោះបង់ការយកគោក្របី ជាកម្លាំងពលកម្មទៀតហើយ។ មួយវិញទៀត ចំពោះវិស័យអប់រំវិញ ខេត្តមានចាប់តាំងពីថ្នាក់មេត្តយ្យ រហូតដល់វិទ្យាល័យ និងមានសកលវិទ្យាល័យស្វាយរៀង មួយផងដែរ៕