(ភ្នំពេញ)៖ នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៨នេះ សហជីពធំៗ នៅប្រទេសកម្ពុជាចំនួន៥ ដែលតំណាងឲ្យកម្មករនិយោជិតរាប់ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បាន ដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៊ឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។ នេះបើយោងតាមញត្តិរបស់សហជីបធំៗ របស់កម្ពុជាទាំង៥ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

សហជីពធំៗចំនួន៥ ដែលចេញមុខដាក់ញត្តិរួមគ្នានេះ រួមមាន៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីព​យុវជនការពារសិទ្ធិកម្មករកម្ពុជា។

យោងតាមញត្តិទាំង៥ សហជីពធំៗនៅកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអ៉ឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេទី២ របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងារ រាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនីរាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេនៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឲ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។

ក្នុងញត្តិបានបញ្ជាក់ទៀតថា ក្នុងនាមសហជីពដែលមានតួនាទីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតទាំងអស់ សហជីពសូមទទូចដល់អ៊ឺរ៉ុប មេត្តាពិចារណាឲ្យបានហ្មត់ចត់ ពីផលប៉ះពាល់នការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា ដែលការដកនេះ នឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ និងមុខរបរដែលពាក់ព័ន្ធ និងវិស័យ និងផលិតស្បែកជើងនេះ៕