(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ។

​សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕