(ព្រះវិហារ)៖ គិតត្រឹមវេលាថ្ងៃត្រង់ នៃថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែកក្កដាម្សិលមិញ អ្នកស្លាប់បានកើនឡើងដល់៣នាក់ ខណៈមនុស្ស៥នាក់ទៀត កំពុងរងរបួសធ្ងន់ស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តគ្រួសារម្សិលមិញ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ បានធ្វើឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត ចំណែកជនរងគ្រោះ៥នាក់ទៀត ដែលរងរបួសធ្ងន់ស្រាល ត្រូវបានសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

លោក សុក វាសនា បានឲ្យដឹងបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យជនរងគ្រោះជាស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង៧នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ចបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ ប៉ុន្តែមុនចូលដល់មន្ទីរពេទ្យក្មេងស្រីម្នាក់ បានបាត់បង់ជីវិតទៅហើយ។ ចំណែកជនរងគ្រោះទាំង៦នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្រ្គោះភ្លាមៗ ផងដែរ។ ដោយឡែក បុរសជាអ្នកបើកបររថយន្តបានរងរបួសធ្ងន់ជាងគេ។

លោកបន្តទៀតថា ក្រោយក្រុមគ្រូពេទ្យជួយសង្គ្រោះជាបឋមរួច ដោយសារស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយខាងមន្ទីរពេទ្យ១៦មករា មិនបានយកកម្រៃពីការដឹកជញ្ជូនពួកគាត់នោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ តាមលោកបញ្ជាក់ពីប្រភពរបស់ក្រុមគ្រួសារជនរងគ្រោះ គឺបុរសជាតៃកុងរថយន្ត ដែលរបួសធ្ងន់ជាងគេនោះ បានបាត់បង់ជីវិតហើយនៅព្រឹកនេះ។ ដូច្នេះករណីក្រឡាប់រថយន្ត នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារម្សិលមិញ គឺស្លាប់កើនដល់៣នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។

សូមជម្រាបថា ហេតុការដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ នៅចំណុចហួសផ្លូវចូលភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីត្រីយ៍ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News មុនពេលកើតហេតុរថយន្តខាងលើ បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីខាងជើងទៅទិសខាងត្បូង ដោយមានអ្នករួមដំណើរទាំងអស់៨នាក់ ទាំងអ្នកបើរបរ ក្នុងនោះប្រុស៣នាក់ ស្រី៥នាក់។ លុះដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែរថយន្តបែកកង់ខាងក្រោយ ខាងឆ្វេង បណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យឃើញថា មានស្លាប់ស្រីម្នាក់ នៅនឹងកន្លែង ចំណែក៧នាក់ទៀត រងរបួសធ្ង់ស្រាល ត្រូវបញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

លោកអធិការស្រុកបានបន្តថា រថយន្តដែលរងការក្រឡាប់ និងធ្វើឲ្យមនុស្សស្លាប់ និងរបួសច្រើននោះ ម៉ាកឡិចស៉ីស ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2S-3198 ហើយជនរងគ្រោះទាំងអស់ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តតាកែវ។ លោកបន្តថា រថយន្ត និងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង ៨នាក់ រួមមាន៖
ទី១. ឈ្មោះប្រាក់ រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ)
ទី២. ឈ្មោះហេន វិរ៉ា ភេទស្រី អាយុ២៥ឆ្នាំ របួសស្រាល
ទី៣. ឈ្មោះប្រាក់ សារឿន ភេទប្រុស អាយុ៥៤ឆ្នាំ របួសធ្ងន់
ទី៤. ឈ្មោះឡៅ សារ៉េត ភេទស្រី អាយុ៤៥ឆ្នាំ របួសធ្ងន់
ទី៥. ឈ្មោះម៉ៅ សុម៉ាវត្តី ភេទស្រី អាយុ៣ខែ (ស្លាប់មុនបញ្ជូនមកដល់ពេទ្យ)
ទី៦. ឈ្មោះប្រាក់រចនា ភេទស្រី អាយុ១០ឆ្នាំ របួសធ្ងន់
ទី៧. ឈ្មោះសូយ ចាន់ទី ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល
ទី៨. ឈ្មោះប្រាក់ កញ្ញា ភេទស្រី អាយុ២២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)

បើតាមសមត្ថកិច្ច បានបញ្ជាក់បន្ថែមថា កង់ក្រោយរថយន្តដែលបែកនោះ គឺជាសំបកកង់ដែលអន់ជាងគេ អស់ក្រឡាហើយ តែនៅយកមកប្រើទៀត៕