(បាងកក)៖ ក្រុមកីឡាករបាល់ទាត់វ័យក្មេងទាំង១២នាក់ ព្រមទាំងគ្រូបង្វឹក ដែលកំពុងជាប់គាំងនៅក្នុងរូងភ្នំលិចទឹក ថាមលួង នៅស្រុក​ម៉ែសៃនៃខេត្តឈៀងរ៉ាយភាគខាងជើងប្រទេសថៃ បានផ្ញើលិខិតទាក់ទងដោយផ្ទាល់ជាលើកដំបូង ទៅកាន់ក្រុមគ្រួសាររបស់ពួកគេ​​ ដែលកំពុងទន្ទឹមរង់ចាំយ៉ាងអន្ទះសារនៅឯខាងក្រៅល្អាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅ​ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយគ្នានេះ នៅក្នុងខ្លឹមសារសំបុត្ររបស់ខ្លួន​ ដែលពាំនាំដោយក្រុមអ្នកជំនាញមុជទឹក ផ្ញើទៅកាន់ក្រុមគ្រួសាររបស់ពួកគេ កាលពី​​​ថ្ងៃ​សៅរ៍ម្សិលមិញ ពួកគេបានសុំឲ្យបញ្ជូនម្ហូបអាហារជាច្រើនមុខ រួមមានដូចជា​សាច់មាន់ចៀន សាច់ជ្រូក​អាំង និង BBQ ជាដើម ហើយ​អ្វី​ដែល​គួរ​ឲ្យក្តុកក្តួលក្នុងចិត្តជាងនេះទៅទៀតនោះ គឺពួកគេបានសុំឲ្យអាចចេញទៅផ្ទះបានឆាប់ៗ។ ចំណែកឯលោកគ្រូបង្វឹកវ័យ២៥ឆ្នាំ​​​វិញ បានធ្វើការសូមអភ័យទោសពីសំណាក់ម្តាយ-ឪពុករបស់ក្មេងៗ ដែលមានអាយុចន្លោះពី១១ទៅ១៦ឆ្នាំ នៅក្នុងលិខិតរបស់លោក។

មនុស្សទាំង១៣នាក់ខាងលើ ដែលបានចូលទៅក្នុងរូបភ្នំថាមលួង កាលពីថ្ងៃទី២៣ ខែមិថុនា បាននិងកំពុងជាប់គាំងនៅលើទីទួល ក្នុង​ច្រកល្អាងតូចមួយ នៅចម្ងាយប្រមាណ០៥គីឡូម៉ែត្រពីមាត់ផ្លូវចូលរូងភ្នំ ហើយទំរាំតែត្រូវក្រុមអ្នកមុជទឹករកឃើញគឺពេលវេលាកន្លងផុត​​ទៅ​ជិត១០ថ្ងៃឯណោះ​។ សំបុត្រទាំងប៉ុន្មានច្បាប់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ពួកគេពិតជាអន្ទះសារចង់ជួបជុំជាមួយក្រុមគ្រួសារ​​ និង​បន្តដំណើរជីវិតរបស់ពួកគេ ដូចធម្មតាឡើងវិញ។

«ពុក-ម៉ែ, កុំបារម្ភរឿងខ្ញុំបាត់មុខអស់រយៈពេលពីរសប្តាហ៍អី... ខ្ញុំនឹងជួយការងារពុក-ម៉ែនៅឯហាងឆាប់ៗវិញ នៅពេលខ្ញុំអាចចេញ​ទៅ​ក្រៅបាន»។ នេះគឺខ្លឹមសារក្នុងសំបុត្ររបស់ក្មេងប្រុសឈ្មោះ Akekarat Woongsookjan ហៅ Bill។ ម្នាក់ទៀតឈ្មោះ Duangpetch Phromthep ហៅ Dom អាយុ១៣ឆ្នាំវិញ បានសរសេរទៅកាន់ឪពុក-ម្តាយខ្លួនថា «ខ្ញុំអត់អីទេ តែគ្រាន់តែរងារបន្តិច។ កុំបារម្ភអី ហើយកុំ​ភ្លេចខួបកំណើតខ្ញុំឲ្យសោះ»

ក្មេងប្រុសយ៉ាងតិចពីរនាក់ឈ្មោះ Pita Phothi ហៅ Nick និង Peerapat Sompueangchai ហៅ Night គឺបានប្រារព្ធខួបកំណើត​​របស់​ពួក​គេនៅក្នុងរូបភ្នំខាងលើ ហើយដោយសារតែ Night មិនបានមកផ្ទះវិញនៅថ្ងៃទី២៣ ខែមិថុនា ជាថ្ងៃដែលពួកគេជាប់ខ្លួននៅក្នុងរូងភ្នំ​រហូត​មកនោះ ក្រុមគ្រួសាររបស់ពួកគេ បានទុកនំខួបកំណើត នៅក្នុងទូរទឹកកកចាប់ពីពេលនោះមក ដោយសង្ឃឹមរង់ចាំអាភូតហេតុ។ Peerapat អាយុ១៦ឆ្នាំ បានសរសេរក្នុងសំបុត្រថា «ខ្ញុំស្រឡាញ់ពុក-ម៉ែ ហើយកុំបារម្ភពីខ្ញុំអី»។

គួរជម្រាបថា សម្រាប់ក្មេងៗឯណោះ ក៏បានសរសេរសំបុត្រទៅកាន់ក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន ដោយបានបង្ហាញពីអារម្មណ៍​នឹករលឹកនិងកុំឲ្យព្រួយបារម្ភដូចគ្នាផងដែរ ដោយថាពួកគេមិនកើតអីនោះទេ។ ចំណែកឯលោកគ្រូបង្វឹកឈ្មោះ Ekkapol Chantawong
វិញ បានសូមទោសចំពោះឪពុក-ម្តាយក្មេងៗ និងបានប្តេជ្ញាព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីមើលថែក្មេងរហូតដល់ពេលចេញមក​ខាងក្រៅវិញ៕