(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាភ្នំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យបានគង់វង្ស បង្កលក្ខណៈឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនជារៀងរហូតបន្តទៅទៀត។

ការថ្លែងរបស់លោក ព្រុំ សុខា បានធ្វើឡើងក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅស្រុកបាភ្នំ នាព្រឹកព្រលឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលមានអ្នកចូលរួមប្រមាណ១១.០០០នាក់ មកពីឃុំទាំង០៩ ក្នុងស្រុកបាភ្នំ។

បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សតាមរយៈការផ្សាយបន្តផ្ទាល់ពីកោះពេជ្ររួចមក លោក ព្រុំ សុខា បានរំលឹកឡើងវិញជូនអង្គមិទ្ទិញ អំពីប្រវត្តិស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិមាតុភូមិ ទប់ស្តាត់ការវិលត្រឡប់របស់ពួកខ្មែរក្រហម កសាងនូវសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍពិតប្រាកដនៅកម្ពុជា និងសុំកុំឲ្យប្រជាពលរដ្ឋ សមាជិក សមាជិការបស់គណបក្ស ជឿតាមការញុះញង់របស់ជនអគតិ ដែលរារាំងមិនឲ្យទៅបោះឆ្នោតនោះ។

លោកប្រធានក្រុមការងារ បានសុំឲ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោក ព្រុំ សុខា ក៏បានណែនាំបន្ថែម ឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទាំង០៩ និងសកម្មជនរបស់គណបក្សនៅមូលដ្ឋាន បន្តចុះជួបប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ នៅមូលដ្ឋានភូមិទាំង១០៨ ក្នុងឃុំទាំង០៩ ដើម្បីជម្រាបពីខ្លឹមសារ នៃសេចក្តីថ្លែងការរបស់សម្តេចប្រធានគណបក្ស គោលនយោបាយរបស់គណបក្ស និងអញ្ជើញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។