(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៥ពាន់នាក់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកយុទ្ធនាការ និងហែក្បួនឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ។

មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនា ស្វែងរកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ, យុវជនបក្ស និងសមាជិក-សមាជិកាបក្សមកពីតាមបណ្តាឃុំចំនួន ៣ ក្នុងស្រុកខ្សាច់កណ្តាល បានជួបជុំគ្នានៅទីស្នាក់ការបក្ស ស្រុកខ្សាច់កណ្តាល នៅម៉ោង ៦៖៣០នាទីព្រឹក ដើម្បីរង់ចាំស្តាប់ការផ្សាយបន្តផ្ទាល់ នូវសេចក្តីថ្លែងការណ៍ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយ របស់គណបក្សជូនជនរួមជាតិទាំងមូល ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ។ កម្មវិធីនយោបាយនេះបានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ទី ១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។

ទី ២៖ ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ, ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

ទី ៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់, ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប, ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។

ទី ៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ, ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។

ទី ៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ, ស្ថិរភាព, និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

>