(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ នឹងប្រជុំពិភាក្សាការងារជាមួយគ្នា ស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីថៃ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ០៩៖០០ព្រឹក នៅសាលប្រជុំធំអគារថ្មីជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមការលើកឡើងរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងក្នុងឱកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាបណ្ដោះបណ្ដោះ ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញ នៅថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ២០១៨បានឲ្យដឹងថា កិច្ចប្រជុំស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ដើម្បីពិភាក្សាការងារដោះស្រាយនូវការងារមួយចំនួន ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងរវាងគ្នា ពីការតភ្ជាប់ផ្លូវដែក ពីប៉ោយប៉ែត ទៅកាន់ព្រំដែថៃ ពិសេសនោះ គឺថៃសន្យាថានឹងផ្ដល់ក្បាលរថភ្លើងមួយ ទូរចំនួន៤ មកដល់កម្ពុជាផងដែរ ៕