(កំពង់ឆ្នាំង)៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលនៅតែបន្ដគគ្លើន ញុះញង់ឲ្យកងកម្លាំងប្រដាប់​អាវុធបះបោរប្រឆាំង រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​។

ទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១ បានប្រកាសទៅទណ្ឌិតរត់ចោលស្រុក ជាថ្មីម្ដងទៀតថា «កងទ័ពបានត្រៀម រួចជា​ស្រេច ហើយដើម្បីកម្ទេចក្រុមឧទ្ទាមក្បត់ជាតិ ចង់បង្កើតបដិវត្តន៍ពណ៌ ដែលចង់ឲ្យសង្គមជាតិកម្ពុជា វិលទៅរកសង្គ្រាមសាជាថ្មីឡើងវិញ»

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានបញ្ជាក់ខ្លាំងៗថា «យើងខ្ញុំសូមចាត់ទុកសម្តីញុះញង់បែបនេះ ជាសម្តីក្បត់ជាតិទាំងស្រុង មិនអាច​លើកលែងបាន និងត្រូវតែថ្កោលទោស ឲ្យធ្ងន់បន្ថែមទៀត និងសូមផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា កុំដេកស្រម៉ៃចង់បំបែកបំបាក់ទឹកចិត្ត ស្មារតីរបស់កងទ័ពឲ្យក្បត់នឹងសម្តេចតេជោឲ្យសោះ ពិសេសកងទ័ព និងប្រជាជន ពីព្រោះកងទ័ព គឺជាអ្នកបម្រើប្រជាជន បម្រើរាជរដ្ឋាភិបាលស្របច្បាប់ បម្រើសម្តេចតេជោ ហ៊ុន សែន»

​សូមជម្រាបថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងមានសំណុំរឿងស្អេកស្កះ នៅតុលាការកម្ពុជា នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញវីដេអូឃ្លីបមួយ អំពាវនាវ​ជាថ្មីឲ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់​ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១ ​សូមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកំពុងអភិវឌ្ឍន៍ប្រទេស ឲ្យមានសុខសន្តិភាពពេញលេញនេះ និងប្រឆាំងដាច់ខាតមិនឲ្យមានការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នោះឡើយ និងក៏សូមគាំទ្រសម្តេចដឹកនាំប្រទេស បន្តទៅថ្ងៃមុខជារៀងរហូត៕