(កណ្តាល)៖ ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីនាំប្រទេសកម្ពុជា មកដល់ដំណាក់កាលដូចបច្ចុប្បន្ននេះ គឺពឹងផ្អែកនូវលើកត្តាសន្តិភាព ដែលមានសន្តិភាពនេះហើយ បានផ្តល់ឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានសន្តិភាពទើបមានអ្នកវិនិយោគ សម្រេចចិត្តបោះទុកវិនិយោគនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ។ មានសន្តិភាពទើបមានភ្ញៀវទេសចរ មកដើរកម្សាន្តនៅកម្ពុជា បង្កើតចំណូលដល់ប្រជាជន។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចំណុចស្នូលគន្លឹះ ដើម្បីនាំប្រទេសមកដល់ដំណាក់កាលនេះបាន គឺសន្តិភាព ។ បើគ្មានសន្តិភាពទេ គ្មានប្រទេសណាប្រថុយប្រថាន នឹងយកលុយមកបណ្តាក់ទុននៅកម្ពុជា ដោយមកកសាងរោងចក្រនៅកម្ពុជានោះទេ។ បើប្រទេសយើងមានសង្គ្រាម តើមាននរណាមកកសាង សណ្ឋាគារសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ហើយបើប្រទេសយើងមានសង្គ្រាមត្រឡប់មកវិញ បើទោះមានសណ្ឋាគារគ្រប់គ្រាន់ ក៏ដោយក៏គ្មានទេសចរណាប្រថុយប្រថាន មកងាប់នៅក្នុងប្រទេសរបស់យើងដែរ។ សន្តិភាពបានផ្តល់ផ្លែផ្កាសម្រាប់ប្រទេសមួយនេះ»

សម្តេចតេជោបានថ្លែងថា​ កម្ពុជាទើបមានសន្តិភាពពេញលេញបាន២០ឆ្នាំប៉ុណ្ណោះ ដើម្បីអភិវឌ្ឍប្រទេសរបស់យើង។ ការអភិវឌ្ឍន៍រយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានវិវត្តន៍ខ្លួនចេញពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលចាត់ទុកថា ជាជោគជ័យមួយដែលមិនត្រូវមើលរំលងឡើយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ហើយ ជាមួយភ្លើងសង្គ្រាមពីអតីតកាល ដូច្នេះត្រូវបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាឲ្យបានសុខសន្តិភាពនេះ គឺមានភាពងាយស្រួលទេ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី គឺជាជម្រើសល្អបំផុត៕