(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានលើកឡើងថា រាល់ការបោះឆ្នោតសកលម្ដងៗ កម្ពុជាជួបនឹងយុទ្ធនាការប្រឆាំងរបស់បរទេស ក្នុងទិសដៅការពារគណបក្ស​ ដែលជាអាយ៉ងរបស់គេ ក្នុងរូបភាពដាក់សម្ពោធ ឬទណ្ឌកម្មក្នុងវិស័យផ្សេងៗ នោះមិនគិតពីព័ត៌មាន ដែលផលិត និងប្រឌិតដោយបរទេស ក៏ធ្វើយុទ្ធនាការដ៏សកម្មផងដែរ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការបោះឆ្នោតសកលម្ដងៗ កម្ពុជាជួបនឹងយុទ្ធនាការប្រឆាំងរបស់បរទេស ក្នុងទិសដៅការពារគណបក្ស​ ដែលជាអាយ៉ងរបស់គេ ក្នងរូបភាពដាក់សម្ពោធ ឬទណ្ឌកម្ម ក្នុងវិស័យផ្សេងៗ នោះមិនគិតពីព័ត៌មាន ដែលផលិតនិងប្រឌិតដោយបរទេស ក៏ធ្វើយុទ្ធនាការដ៏សកម្មផងដែរ។ ក៏ប៉ុន្តែការខិតខំ របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិសដៅរក្សាអធិបតេយ្យភាព ប្រក្រតីភាព និងភាពស្របច្បាប់ នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែទទួលបានគ្រប់អាណត្តិ»

លោកបានបន្តថា លទ្ធិប្រជាធិបតេយ្យគឺជាអំណាច និងជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប គឺមិនមែនកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយនោះឡើយ។ គណបក្សនយោបាយ និងត្រូវបានរំលាយដោយស្របច្បាប់ តាមរយៈតុលាការកំពូល ក៏ដូចគ្នានឹងសំឡេងសន្លឹកឆ្នោត របស់ប្រជារាស្រ្តរំលាយគណបក្សនយោបាយណាមួយដែរ (សម្តេចតេជោ )។ ក្រៅពីអ្នកនយោបាយ១១៨នាក់ និងគណបក្សរបស់ខ្លួនត្រូវបានរំលាយ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិទូលំទូលាយក្នុងការសម្រេចជោគវាសនារបស់ខ្លួន។

លោកបានបញ្ជាក់ថា អាណត្តិទី៥ ឆ្នាំ២០១៣ មានគណបក្សចំនួន៨ ចូលរួមប្រកួតប្រជែង នៅក្នុងអាណត្តិទី៦ ២០១៨ មានគណបក្សចំនួន២០ ចូលរួមក្នុងការប្រកួតប្រជែង បានសេចក្តីថា គណបក្ស១៩ ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ លំហរនៃការប្រកួតប្រជែងនូវតែរក្សាបានក្នុងន័យពហុបក្ស។ កម្ពុជាមិនលក់សិទ្ធិ និងអំណាចទទួលខុសត្រូវលើជោគវាសនា របស់ខ្លួនទៅឱ្យបរទេស ក្នុងហេតុផលណាមួយនោះឡើយ៕