(ក្រចេះ)៖ លោក សរ ចំរុង សមាជិកគណៈកម្មការកណ្ដាលគណបក្យប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្យខេត្តក្រចេះ, លោក ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាថ្នាក់កណ្ដាល ចុះជួយខេត្តក្រចេះ និងជាប្រធានគ្រុមការងារចុះជួយស្រុកព្រែកប្រសព្វ និងលោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានបន្តអំពាវនាវជាថ្មីដល់យាជី តាជី និងប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកបានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយយាយជី តាជី នៅពេលដែលលោក នាំយកទៀនវស្សាទៅ វត្តបទុមរាជា(ហៅវត្តដីដុះ)នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានអ្នកចូលរួមជាង៣៥០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឈួន ថាវរិន្ទ បាននាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា លោកយាយ លោកតា ត្រូវមានគំនិតយល់ដឹង មានសេចក្ដីត្រិះរិះ ត្រូវយល់ថា មានតែគណបក្សប្រជាជនទេ ដែលជួយឲ្យបងប្អូន រួចផុតពីរបបបប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជន។ គណបក្សប្រជាជន មានបទពិសោធន៍ដឹកនាំប្រទេសឲ្យបងប្អូន រួចផុតពិការជិះជាន់របស់បរទេស ហើយសូមបងប្អូន កុំជឿអ្នកញុះញង់ដែលមិនឲ្យបងប្អូនចូលបោះឆ្នោតឲ្យសោះ ហើយអ្នកញុះញង់ទាំងនោះអាចមានទោស។

លោកបណ្ឌិត បានអំពាវនាវយ៉ាងទទូច សុំឲ្យប្រជាពលរដ្ឋ កុំជឿការញុះញង់ ធ្វើឲ្យបែកបាក់សាម្គីគ្នា មានតែសម្ដេចតេជោទេ ដែលជាអ្នកជួយបងប្អូនឲ្យរីកចម្រើនគ្រប់វិស័យ ហើយកុំជឿ តាមការអួសទាញរបស់លោក សម រង្សី មិនទានជាប់ឆ្នោតផងហ៊ានលួចធ្វើ កិច្ចព្រមព្រៀងកាត់ទឹកដីចំនួន៤ខេត្ត ឲ្យទៅកុកសរជនជាតិភាគតិចវៀតណាម ម៉ុងតេញ៉ា។

ក្នុងពិធីប្រគេនទៀនវស្សា ដល់ព្រះសង្ឃក្នុងវត្តបទុមរាជា លោក សរ ចំរុង លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា សេង ប៊ុនហេង បានប្រគេន ទៀនវស្សា និងបច្ច័យចំនួន១០វត្ត ក្នុង១វត្តទទួលបាន៣០ម៉ឺន និងទេយ្យវត្ថុសម្រាប១០វត្ត សរុបទឹកប្រាក់អស់៤៤៧០ដុល្លារ៕