(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោស ចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ (HRW) ដែលបានការប្រឌិតរបាយការណ៍ក្លែងក្លាយ វាយប្រហារថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន១២រូប។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ជាក្រសួងមានសមត្ថកិច្ចរបស់កម្ពុជា ក៏ព្រមាន​ចាត់វិធានការ មិនលើកលែងចំពោះប្រឌិតរបាយការណ៍ភូតភរនេះផងដែរ។

សេចក្តីថ្លែងការណ៍ ក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងដូច្នេះថា៖ «អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ាវ៉ច (HRW) ដេលមានឈ្មោះប្រែត អាដាម ជាប្រធាន ជារឿយៗតែងតែច្នៃប្រឌិត និងបង្កើតឡើងនូវរបស់ដែលហៅថា របាយការណ៍សិទ្ធិមនុស្ស ដ៏ឆ្គួតលីលា មានចរិតជាការប្រមាថដល់ ការរីកចម្រើនលើគ្រប់វិស័យ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត»

ក្រសួងមហាផ្ទៃ ក៏បានចាត់ទុកដែរថា របាយការណ៍របស់ HRW ក៏ឆ្លុះបញ្ចាំងអំពីឧបាយកលទុច្ចរិតរបស់ក្រុមបរទេសមួយចំនួន ដែលមានគំនិតគាំទ្រ អ្នកនយោបាយខ្មែរក្បត់ជាតិ ក្នុងគោលបំណងបង្កឱ្យមានចលនាវឹកវរ និងបំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្មែរ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស ចំពោះអង្គការ យូមែនរ៉ាយវ៉ច (HRW) ដែលមានបុគ្គលឈ្មោះ ប្រែត អាដាម ជាប្រធាន ហើយចាត់ទុកថា ការផលិតរបាយការណ៍នេះ ជាទង្វើមិនអាចអត់ឱនឱ្យបាន និងទាមទារឱ្យបុគ្គលនេះ ឈប់ជ្រៀតជ្រែក អធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការផលិតរបាយការណ៍ក្លែងក្លាយ ដែលបង្កប់ឧបាយកលដ៏ពិសពុល ក្នុងបំណងញុះញង់ ប្រកបដោយគំនុំបុគ្គល និងមាននិន្នការគាំទ្រជនក្បត់ជាតិ និងទង្វើឱ្យប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិកម្ពុជា»

សូមបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW កាលពីថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០១៨ កន្លងទៅនេះ ចេញផ្សព្វផ្សាយរបាយការណ៍មួយ ចោទប្រកាន់ទៅលើ មន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ កម្ពុជាចំនួន១២រូបដែលស្មោះត្រង់នឹងសម្តេចតេជោ ដោយវាយប្រហារថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែរបាយការណ៍នេះ ត្រូវបានច្រានចោលដោយ ក្រសួងការពារជាតិកម្ពុជា និងបណ្តាអង្គភាពដទៃទៀតផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ៖