(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ បានសម្តែងការសោកស្តាយ និងថ្កោលទោសយាងខ្លាំងចំពោះ ទង្វើអគតិរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលបានប្រឌិតរបាយការណ៍តាមអំពើចិត្ត ចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាចំនួន១២។ នេះបើតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍របស់ យោធភូមិភាគទី៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍របស់ យោធភូមិភាគទី៤ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រឌិតរបាយការណ៍បែបឆ្កួតលីលា របស់ក្រុមនេះ គឺជាយុទ្ធនាការសំដៅវាយប្រហារជាបន្តបន្ទាប់មកលើ កិត្យានុភាពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និងបានរំលោភមកលើអធិបតេយ្យ ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ និងមាននីតិរដ្ឋ ដើម្បីបម្រើនយោបាយទុច្ចរិត របស់ពួកជនបរទេសមួយចំនួន និងបំពេញមហិច្ឆិតា ពួកអ្នកនយោបាយក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ដើម្បីបំផ្លិចបំផ្លាញ សន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា»។

យោធភូមិភាគទី៤ បានបញ្ជាក់ទៀតថា៖ «យើងខ្ញុំទាំងអស់គ្នាជា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងយោធភូមិភាគទី៤ មិនទទួលស្គាល់ដាច់ខាត និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍ដែលបង្កប់ដោយឧបាយកលពិសពុលបែបនេះ»។

សូមបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW កាលពីថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០១៨ កន្លងទៅនេះ ចេញផ្សព្វផ្សាយរបាយការណ៍មួយ ចោទប្រកាន់ទៅលើ មន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ កម្ពុជាចំនួន១២រូបដែលស្មោះត្រង់នឹងសម្តេចតេជោ ដោយវាយប្រហារថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែរបាយការណ៍នេះ ត្រូវបានច្រានចោលដោយ ក្រសួងការពារជាតិកម្ពុជា និងបណ្តាអង្គភាពដទៃទៀតផងដែរ៕