(សៀមរាប)៖ លំនៅដ្នាន១ខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី ដែលមានបណ្តោយ៨ម៉ែត្រ ទទឹង៥ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់តាមរយៈលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកស្រី ត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ១គ្រួសារ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ពិធីខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ឃឹម ប៊ុនសុង ដោយមានអាជ្ញាធរស្រុក ក្រុមការងារ និងប្រជាពលរដ្ឋចូលរួម ចំនួន១០៧នាក់ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។ អតីតយុទ្ធជនពិការ១គ្រួសារនេះ មានឈ្មោះ វួច ជឿត និងប្រពន្ធឈ្មោះ ដុំ ផន មានកូនមួយនាក់ក្នុងបន្ទុក រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ទូច ប៊ុនធឿន អធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអង្គរធំ បានឲ្យដឹងថា លោក វួច ជឿត ជាជនពិការជើងខាងស្តាំ ដែលមានស្ថានភាពទីទ័លក្រ ហើយ រស់នៅក្នុងខ្ទមទុរគត និងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងនោះ មានប្រពន្ធឈ្មោះ ដុំ ផន កូនមួយនាក់ក្នុងបន្ទុក ទើបបានស្មើសុំទៅគណៈកម្មាធិការ សមាគមអតីតយុទ្ធកម្ពុជាខេត្ត ហើយបានវាយតម្លៃផ្តល់ជូនផ្ទះ ដល់ក្រុមគ្រួសាររបស់លោក វួច ជឿត។

លោកវរសេនីយ៍ឯក ទូច ប៊ុនធឿន បានបញ្ជាក់ថា ក្នុងស្រុកអង្គរធំ មានអតីតយុទ្ធជនសរុប២២៦នាក់ សុំចូលជាសមាជិកបាន១៩៣នាក់ អត្រានៃមរណភាព៣នាក់ ហើយអំពីស្ថានភាពផ្ទះសម្បែង គ្រួសារមានដីមានផ្ទះ១៧២នាក់ គ្មានដី គ្មានផ្ទះ ១២គ្រួសារ និងមានដីគ្មានផ្ទះ០៩គ្រួសារ ។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខការនឹករលឹក ចំពោះបងប្អូនគ្រួសារអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋនៅក្នុងភូមិ ភ្លង់ទាំងមូល ដែលបានគាំទ្រ ដល់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានគិតគួខ្ពស់ ចំពោះគ្រួសារបងប្អូនអតីតយុទ្ធជនពិការ អំពីជីវភាព សុខភាពរស់នៅ ដោយមិនទុកឲ្យអតីតយុទ្ធជន ណាម្នាក់រស់នៅឯកោឡើយ។

លោកបណ្ឌិត ឃឹម ប៊ុនសុង បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដោយបានគូសបញ្ជាក់ថា ការបូជាសាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុការពារ កសាងមាតុភូមិកម្ពុជាមិនឲ្យ មានការវិល ត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលើកទីពីរនៅកម្ពុជាឡើយ ព្រមទាំងបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ហើយការបាត់បង់នូវកាយសម្បទារបស់បងប្អូន គឺជាគុណបំណាច់ មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរកនូវសុខសន្តិភាព ជូនជាតិមាតុភូមិខ្លួន។

លោកបណ្ឌិត បន្តទៀតថា កត្តាសន្តិភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិ យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីទីប្រជុំជន ទៅដល់ជនបទ ក្រោមការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នូវគោលនយោបាយឈ្នះ ឈ្នះ ក្នុងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងប្តូរយកមកវិញ នូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋានមានភាពប្រសើរឡើង។

ក្នុងនោះដែរ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរ អំពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងបានធ្វើការក្រើនរំលឹក ដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅស្រុកអង្គរធំ ក៏ដូចទូទាំងខេត្តសៀមរាប សូមកុំឲ្យស្តាប់ នូវការញុះញុងរបស់ក្រុមអកតិមួយចំនួន ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាជន ព្រមទាំងការបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឃោសនាមិនឲ្យ ប្រជាពលរដ្ឋ យើងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ។

ក្នុងនោះដែរ លោកបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមគ្រួសារលោក វួច ជឿត ក៏ដូចប្រជាជនទូទៅ ត្រូវថែរក្សាសុខភាព និងសូមឲ្យមានការជឿជាក់ លើការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបាននាំយកនូវសន្តិភាព និងការអភិឌ្ឍន៍មកដល់ពេលនេះ។ ដូច្នេះ យើងត្រូវរួមគ្នាទាំងអស់គ្នា ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីអនាគតប្រទេសជាតិយើង និងដើម្បីបំពេញ កាតព្វកិច្ចជាប្រជាជនខ្មែរ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឲ្យមានលទ្ធភាពដឹកនាំ នាវាសន្តិភាព និង ការអភិវឌ្ឍន៍ជាតិបន្តទៀត។

ជាមួយគ្នានោះ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បាននាំយកនូវអំណោយសម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ៧៥គីឡូក្រាម, ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ២យូរ, ត្រីខ២យូរ , ទឹកសុទ្ធ ៣យូរ មុង២ , កន្ទេល៤ , គ្រែឈើ ១ និង ថវិកា ១០ម៉ឺនរៀល។ ក្នុងនោះបងប្អូនដែលបានចូលរួម ក្នុងពិធីចំនួន១០៧នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕