(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង៥ពាន់នាក់​ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន៣៥១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តទឹកល្អក់ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ចំនួន៥,៧៨៩នាក់ ក្រោមអធិបតី ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ាន បានបង្ហាញថា ការព្យាបាលនេះសម្រេចបាន៖ ជំងឺកុមារ២៧២នាក់, ជំងឺស្រ្តី១៩២នាក់, ជំងឺផ្លូវចិត្ត១០៣នាក់, ជំងឺឫសដូងបាត២២១នាក់, ជំងឺសន្លាក់ឆ្អឹង១៩១នាក់, ជំងឺរលាកសួត៩៨នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៧នាក់, ជំងឺភ្នែក១០៩នាក់, ជំងឺសើរស្បែក១០៣នាក់, ជំងឺទឹកនោមផ្អែ១៩១នាក់, ជំងឺមាត់ធ្មេញ៨៧នាក់, អេកូសាស្ត្រ១៧៦ ព្យាបាលរបួសនិងវះកាត់តូច៤៩ និងជំងឺទូទៅ៣,៩១០នាក់ ។

នាឱកាសនោះ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអំពាវឲ្យប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីអភិវឌ្ឍន៍ និងរីកចម្រើនឲ្យដូចសព្វថ្ងៃនេះ។

លោកបន្តថា ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ហើយមានតែបក្សមួយនេះទេ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេល មិនថាមានទុក្ខលំបាក លោកក៏បានលើកទឹកចិត្តពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនបក្សប្រជាជនទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលសព្វថ្ងៃនេះ។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាព របស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋ មានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំ ប្រទេសនាពេលសព្វថ្ងៃនេះ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំ ដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។

អ្នកស្រី ស៊ិន ឃឿន មានវ័យ៦៣ឆ្នាំ រស់នៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើកឡើងថា លើកទី១ក្នុងជីវិតហើយ គាត់ទើបតែទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រប្រចាំខេត្តកំពង់ស្ពឺ។ លោកស្រីបន្តថា «សកម្មភាពនេះធ្វើឲ្យខ្ញុំនឹកថា នេះគឺជាការលះបង់របស់កូនសម្ដេច ហ៊ុន សែន។ ខ្ញុំសប្បាយចិត្តណាស់ ដែលមើលជំងឺដោយមិនអស់លុយ»។

លោក កង ហយ រស់នៅឃុំតាំងក្រូច ដែលមានអាការៈរោយ-ក និងរលោកក្រពះនោះ បានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលបានសេវាព្យាបាលជំងឺដោយគិតថ្លៃនេះ។

លោក កង ហយ បានបន្តថា «ខ្ញុំមិនដែលទទួលបានការមើលជំងឺអត់យកលុយបែបនេះពីមុនមកទេ។ ខ្ញុំអរគុណក្មួយៗ (ក្រុមគ្រូពេទ្យ) ណាស់ ដែលចុះមកព្យាបាលជំងឺខ្ញុំនៅពេលនេះ។ ហើយក៏អរគុណក្មួយ ហ៊ុន ម៉ានី ដែលត្រូវជាកូនសម្ដេចផងដែរ»

ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្តេជ្ញាថានឹងទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការជ្រើសរើសមេដឹកនាំ ល្អ ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនទៀត។

សូមបញ្ជាក់ថារយៈពេល៦៧ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥៥លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៣៣៥,១៥០នាក់ ​(សាមសិបបីម៉ឺន ប្រាំពាន់ មួយរយហាសិបនាក់)៕