(ភ្នំពេញ)៖ បន្ទាប់ពីជ្រើសរើសបាននូវសហគ្រិនឆ្នើមទាំង១៦រូប តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ពី​គណៈកម្មការដាក់ពិន្ទុរួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំព្រឹត្តិការណ៍រាត្រីស្រមោលសរដ៏ពិសេស គឺ «ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ពានរង្វាន់ទាំង៥រូប» នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ (Cambodian Young Entrepreneur Awards 2018)។

ក្នុងការប្រព្រឹត្តទៅនេះដែរ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង៥៖០០ល្ងាច រហូតទៅដល់ម៉ោង១០៖០០យប់ ដែលមានការចូលរួមជាកិត្តិយសពីលោក ហេង សុគង់​ រដ្ឋលេខាធិការ ​នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងមានការចូលរួមពីសំណាក់សហគ្រិនរាប់រយនាក់ផងដែរ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ដែលទទួលបាននូវពានរង្វាន់ទាំង៥រូប ក្នុងពិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០១៨។

សម្រាប់ឆ្នាំ២០១៨នេះ ក្រៅតែពីការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ ដល់​ម្ចាស់ជ័យលាភីទាំង៥រូបនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យ បានពាំនាំនូវកម្មវិធីប្លែកៗ និងពិសេសមួយចំនួនទៀតរួមមាន ផ្ទាំងទស្សនីយភាព​នៃសិល្បៈខ្មែរ ព្រមទាំងការតាំងពិព័រណ៌បង្ហាញ របស់សហគ្រិនឆ្នើម ដែលបានចូលរួមប្រកួត​ ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា កាលពីឆ្នាំមុនៗផងដែរ។

សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) នឹងជ្រើសរើសសហគ្រិនឆ្នើមចំនួន៥រូប ដើម្បីមានឱកាសក្លាយទៅជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេង ប្រចាំឆ្នាំ២០១៨ ដែលក្នុងនោះជ័យលាភីទី១ ពាន់រង្វាន់ឆ្នើមបានទៅលើឈ្មោះ គៀត អភិវឌ្ឍន៍ ,ទី២៖ ពាន់រង្វាន់សង្គម ឈ្មោះ ផាវ ដារ័ត្ន ,ទី៣៖ ពាន់រង្វាន់បច្ចេកកវិទ្យា ឈ្មោះ ខេង វ៉ានថា ,ទី៤៖ ពាន់រង្វាន់សហគ្រិនឆ្នើមស្រ្តីឈ្មោះ ថូង ធីតា និងទី៥៖ ពាន់រង្វាន់អាជីវកម្មទើបបង្កើតថ្មី ឈ្មោះ រី ថានី។

សម្រាប់សហគ្រិនទាំង៥រូប គឺជាបេក្ខជនដែលមានសមត្ថភាព ក្នុងការវិវត្តន៍មុខជំនួញ ឲ្យមានការរីកចម្រើនលឿន នៅក្នុងរយៈពេលខ្លី មានភាពច្នៃប្រឌិតខ្ពស់ ក្នុងការប្រកបអាជីវកម្ម ព្រមទាំងមានការវាយតម្លៃ យ៉ាងសុក្រឹតជាទីបំផុត ពីខាងគណៈកម្មការដោយផ្អែក ទៅលើលក្ខខ័ណ្ឌនៃការប្រកួតផងដែរ។

សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី៤ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះឡើង ហើយកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឲ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិផងដែរ៕