(ភ្នំពេញ)៖ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗ ដែលទើបនឹងប្រគល់ជូននេះ រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។

សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះ គឺប្រគល់ភារកិច្ចមិនមែនតែ​រឿង​តែងតាំង​នោះទ ​គ្រាន់តែប្រគល់ភារកិច្ចមេទាហាន ឱ្យមកទទួលតំណែងនឹង​តាមរចនាសម្ព័ន្ធរបស់កងទ័ព គឺមិនអាចមានការខ្វះខាតបាននោះទេ វាត្រូវ​តែមានដូចនេះ គឺអ្នកទាំងនោះ ប្រសិនណាពេលដំណើរការ នៃការបោះឆ្នោតវាទៅមុខទៀតរហូតដល់មានការរៀបចំរដ្ឋាភិបាលថ្មី រដ្ឋាភិបាលថ្មី និង​បូកសម្រេចនៅពេលក្រោយ យើងមិនមាននរណាមកនិយាយមុនដាច់ខាត»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ កងយោធពលខេមរភូមិន្ទ មានការឯកភាពគ្នាជាធ្លុងមួយ ដើម្បីរក្សា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើ​ម្បីដឹកនាំនាវាកម្ពុជា ឱ្យមានការរីកម្រើនលើគ្រប់វិស័យដូចពេល បច្ចុប្បន្ននេះ។

សូមជម្រាបថា ការប្រគល់ភារកិច្ចស្តីទីនេះ ធ្វើឡើងដោយសារតែមេទ័ពសំខាន់ៗទាំង៣រូប ដែលកាន់តំណែងទាំងនេះ បានព្យួរតួនាទី ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តអាណត្តិទី០៦ សម្រាប់គណបក្សប្រជាជនកម្ពុជា។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលព្រះសីហនុ។ នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ នៃខ.ភ.ម បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ។ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិនេះ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត៕