(ត្បូងឃ្មុំ) ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ និងផ្តល់ថ្នាំ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៨ភូមិមកពី ឃុំកកុ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជិត១ពាន់នាក់ ដោយឥតគិតថ្លៃ។

ក្រៅពីការដឹកនាំចុះពិនិត្យ និងព្យាបាលជំងឺហើយនោះ លោក វង សូត ក៏បាន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល សេវា ពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺផងដែរ។ នេះជាលើកទី៩ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្រ្តី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតប្រាក់កម្រៃ ។

រដ្ឋមន្រ្តី វង សូត ដែលជាកុលបុត្រ កើតចេញពីគ្រួសារជនបទ លោក តែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូននៅតាមមូលដ្ឋាន ពិសេសតំបន់ជនបទដាច់ស្រយាល។ នេះកាយវិកាបង្ហាញពីវីរភាពរបស់រដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្រ្តី វង សូត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អាន សាយ ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក្នុងការព្យាបាលជំងឺគ្រប់មុខ។

គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន៩ទីតាំងរួចមកហើយ រួមមាននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ និង នៅវត្តកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៧០០នាក់ និងនៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជិត១០០០នាក់ និងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ ជាង៥០០នាក់ និង ជួយដលើប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង ចំនួន៨១០នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ៦៣៥នាក់ ដោយឥតគិតថ្លៃ នៅភូមិត្រពាំងផ្លុង​ទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាក់ស្តែងនៅថ្ងៃនេះ ប្រជាពលរដ្ឋ៥១៧នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ នៅក្នុងវត្តកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ចំនួន៤៣០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុន សែន ពពេល ស្តិតនៅក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាក់ស្តែង នៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត ក៏បានចុះពិនិត្យ និងផ្តល់ថ្នាំ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៨ភូមិមកពី ឃុំកកុ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជិត១ពាន់នាក់ ដោយឥតគិតថ្លៃផងដែរ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត​ ដែលមានសមាសភាពកើនរហូតដល់៥០រូបហើយ ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង ,អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍ ,រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួល សហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕