(ម៉ូស្គូ)៖ ក្រុមជើងឯកអឺរ៉ុប ព័រទុយហ្គាល់ ធ្លាប់បានបំបាក់អ៊ុយរ៉ាហ្គាយ ៣-០ កាលពីមិត្តភាពអន្តរជាតិ ឆ្នាំ១៩៦៦ និង លេងស្មើ ១-១ ក្នុងព្រឹត្តិការណ៍ Independence កាលពីឆ្នាំ១៩៧១ មុនប៉ះគ្នាជាលើកទី៣ នាម៉ោង ១យប់រំលងអាធ្រាត្រនេះ វគ្គ១៦ក្រុមនៃយុទ្ធនាការបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។

អតីតម្ចាស់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ ជាក្រុមលេខ២ ចេញពីពូល B ដោយលេង៣ប្រកួតសន្សំពិន្ទុមិនចាញ់ឡើយ ស្មើ ៣-៣ ពេលជួបអេស្ប៉ាញ មុនទៅឈ្នះម៉ារ៉ុក ១-០ និងស្មើ ១-១ ពេលជួបអ៊ីរ៉ង់ នៅវគ្គបញ្ចប់ជុំទី៣ ប្រចាំពូល B រកបាន៥ពិន្ទុស្មើក្រុមកំពូលតារាងអេស្ប៉ាញ។

ព័រទុយហ្គាល់ មានកីឡាករសំខាន់ដែលមិនអាចមើលរំលងបាន Cristino Ronaldo ដែលស៊ុតបញ្ចូលទីបាន ៤គ្រាប់ហើយ ក្នុង៣ប្រកួតកន្លងមកនៃ World Cup លើកទី២១នេះ ស្មើនឹង Diego Costa របស់អេស្ប៉ាញដែរ ស្របពេលតារាជើងស៊ុតរបស់អ៊ុយរ៉ាហ្គាយ Luis Suarez ទើបតែរកបាន ២គ្រាប់នៅឡើយ ក្នុង៣ប្រកួតប្រចាំពូល A បញ្ចប់នៅចំណាត់ថ្នាក់លេខ១ មាន៩ពិន្ទុពេញ មិនដែលចាញ់ មិនដែលស្មើ និងមិនរបូតសូម្បី១គ្រាប់ឡើយ ហើយស៊ុតបញ្ចូលទីគេបាន ៥គ្រាប់។

អតីតម្ចាស់ជើងឯក ២សម័យ អ៊ុយរ៉ាហ្គាយ និងធ្លាប់ឈ្នះជើងឯក World Cup មុនគេផងនោះ ជាក្រុមជាប់លេខ១ ក្នុងចំណោម ៤ក្រុមមកពីតំបន់អាមេរិកឡាទីន ដែលបានឡើងទៅវគ្គ១៦ក្រុមជាមួយអាហ្សង់ទីន ប្រេស៊ីល និងកូឡុំប៊ី ដោយមានប៉េរូ ធ្លាក់ក្នុងពូល C ដែលមានបារាំង និងដាណឺម៉ាក ជាក្រុមខ្លាំងឈ្នះកៅអីវគ្គ១៦ក្រុមចុងក្រោយនៃ World Cup 2018៕