(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ បានថ្លែងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលនឹងត្រូវរងផលប៉ះពាល់ និងរំខានដោយសារដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ នៅថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយក៏សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលមានផលប៉ះពាល់​ ឬរំខានដោយប្រការណាមួយទាំងអ្នករស់នៅតំបន់នេះ ទាំងអ្នកធ្វើដំណើរនៅពេលដែលមានការសាងសង់ ពិតណាស់នឹងមានការប៉ះពាល់ថ្លង់ ឬក៏រំខានទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ»

ជាមួយគ្នានឹងការថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រដល់ការដាក់ចេញនូវវិធានការណ៍នានា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ។

ទទ្ទឹមនឹងនេះ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជា មិនមែនត្រឹមតែធ្វើស្ពានបន្ថែមតែមួយនេះទៀតទេ គឺកំពុងតែសិក្សាដើម្បី ធ្វើស្ពានអាកាសនៅកន្លែងដទៃទៀតផងដែរ។ ជាមួយគ្នានេះ នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានសិក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីសិក្សាដាក់ឱ្យដំណើរការរថភ្លើងលើអាកាសដែលតភ្ជាប់ពីទីក្រុងភ្នំពេញ មកព្រលានយន្តហោះពោធិ៍ចិនតុង ផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍនានា មិនមែនិផ្តល់ប្រយោជន៍ដាច់ដោយឡែករបស់រាជរដ្ឋាភិបាលនោះទេ គឺសុទ្ធតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងមូល។ ស្ថានភាពដែលកម្ពុជា​ បានធ្វើឡើងនៅពេលនេះ ឈានឆ្ពោះទៅរកការសន្សុំពេលវេលា នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារតែការស្ទុះចរាចរណ៍ សន្សុំថវិការ តាមរយៈការបន្ថយការប្រើប្រាស់ប្រេងឥន្ទនៈផងដែរ៕