(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា ៥អាណត្តិ ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាច្រើនមកនោះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ សម្តេចនឹងប្រកាសដាក់ចេញនូវគោលនយោបាយមួយចំនួន សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិបន្តទៅមុខទៀត។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ នាថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី៦ខាងមុខ ពោលគឺចំថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចនឹងប្រកាសដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់អនុវត្តក្នុងការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៅទៀត។ សម្ដេចបានបញ្ជាក់ទៀតថា គោលនយោបាយមួយចំនួនបានសិក្សារួចរាល់ហើយ ហើយមួយចំនួនទៀតកំពុងសិក្សាលម្អិតបន្ថែម។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ថ្ងៃទី០៧ ខែកក្កដា ខាងមុខ គឺនៅសល់៨ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំនឹងប្រកាសចេញនូវគោលនយោបាយមួយចំនួន ដែលនឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើងកាន់តែច្រើន នៃថ្ងៃចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលពេលនេះគឺកំពុងបន្តការសិក្សាជាក់លាក់ តើយើងត្រូវទៅដល់ទីណា? មួយចំនួនបានសិក្សារួចរាល់ហើយ មួយចំនួនទៀតកំពុងសិក្សាលម្អិតបន្ថែមទៀត តើយើងគួរដោះស្រាយបែបណាសម្រាប់ប្រជាពលរដ្ឋរបស់យើង»

គួរបញ្ជាក់ថា យុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ថ្វិដ្បិតប្រមុខរាជរដ្ឋាភិបាលមិនទាន់បញ្ជាក់ថា គោលនយោបាយទាំងនោះមានអ្វីខ្លះក៏ពិតមែន ប៉ុន្តែសម្ដេចក៏បានសង្កត់ធ្ងន់ពីទិសដៅមួយផងដែរ ក្នុងនោះសម្តេចបានបង្ហាញគោលបំណងចង់កាត់បន្ថយទំហំប្រឡាយ នៅតាមវាលស្រែមួយចំនួនដែលមិនចាំបាច់ ដើម្បីពង្រីកផ្ទៃដីបង្កបង្កើនផល។ សម្រាប់ប្រឡាយចំបាច់ដើម្បីចែកចាយទឹក ត្រូវចាក់ស៊ីម៉ង់ត៍តែម្តង ប៉ុន្តែការអនុវត្តនេះនឹងត្រូវអនុវត្តន៍នៅក្រោយឆ្នាំ២០៣០។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ទោះបីជាប្រាក់ចំណូលប្រជាពលរដ្ឋ កម្មករ-កម្មការិនី មន្ត្រីរាជការនៅកម្ពុជាឡើងខ្ពស់ជាងមុនក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏ខិតខំរិះរកវិធីកាត់បន្ថយការចំណាយរបស់ពួកគេផងដែរ តាមរយៈការលើកលែង ឬកាត់បន្ថយពន្ធដារមួយចំនួន។

នាយករដ្ឋមន្ត្រីដែលកំពុងបាញ់ឆ្ពោះទៅកាន់ការអភិវឌ្ឍរូបនេះ បានបង្ហាញក្ដីរំពឹងថា ប្រជាពលរដ្ឋនៅតែបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០៕