(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានជាប់ឈ្មោះ​ជាលើកដំបូង នៅក្នុងចំណោម​ប្រទេសមានគ្រោះថ្នាក់​ទាំង ១០ សម្រាប់ស្ត្រី ខណៈឥណ្ឌា​ជាប់លេខមួយ។ នេះបើតាម មូលនិធិ ថមសុន រ៉យទ័រ (Thomson Reuters Foundation) ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

Thomson Reuters Foundation ផ្អែកលើការសាក​​សួរអ្នកជំនាញ ៥៤៨នាក់ ពាក់ព័ន្ធនឹងបញ្ហា​ស្ត្រីបានរកឃើញថា តើមានប្រទេសណាខ្លះ​ដែល ពួកគេចាត់​ទុកថា ជាប្រទេសមានគ្រោះ​ថ្នាក់បំផុតសម្រាប់ស្ត្រី។ ម្យ៉ាងវិញទៀត ការចាត់ថ្នាក់នេះទៀតសោត គឺធ្វើឡើងដោយផ្អែកលើ បញ្ហាវិស័យសុខាភិបាល ការរើសអើង ប្រពៃណីវប្បធម៌ ហិង្សាផ្លូវភេទ ហិង្សាមិនមែនផ្លូវភេទ និងការជួញដូរ​មនុស្ស ដោយក្នុងនោះ «សហរដ្ឋអាមេរិក​បានទទួលជ័យ​លាភីលេខ ៣ ខាងប្រទេស​មានគ្រោះថ្នាក់​បំផុត ទាក់ទិននឹង​ហិង្សាផ្លូវភេទ និងជាប់ ៦ ខាងហិង្សា មិនមែន​ផ្លូវភេទ រួមមានដូចជា អំពើហិង្សាក្នុងគ្រួសារ រូបរាងកាយ និងផ្លូវចិត្ត​ជាដើម»។

បន្ថែមពីលើនេះ បើតាម Thomson Reuters Foundation សហរដ្ឋអាមេរិក គឺជាប្រទេសលោកលិចតែ​មួយគត់ ដែលជាប់ឈ្មោះនៅក្នុង ចំណោមប្រទេស​មានគ្រោះថ្នាក់ទាំង ១០ សម្រាប់ស្ត្រី ខណៈឥណ្ឌា​ជាប់លេខមួយ តាមពីក្រោយ​ដោយ អាហ្វហ្គានីស្ថាន ស៊ីរី សូម៉ាលី អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ យ៉េមែន និងនីហ្សេរីយ៉ា។​

គួរបញ្ជាក់ថា ការសិក្សា​របស់ Thomson Reuters Foundation ធ្វើឡើងបន្ទាប់ពី​មានយុទ្ធនាការ #MeToo ប្រឆាំនឹង​ការរំលោភ បំពានផ្លូវភេទ​នៅក្នុងសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៧ ក្រោយផលិតករ​ភាពយន្ដហូលីវូត លោក Harvey Weinstein ត្រូវបានស្ត្រី​ច្រើនជាង ៧០នាក់ បានចោទលោកថា បានបៀតបៀនផ្លូវភេទ​មកលើ​ពួកនាង៕