(កំពង់ឆ្នាំង)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងខ្លាំងៗថា សហរដ្ឋអាមេរិក ដែលជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ និងបិតាគោរពសិទ្ធិមនុស្សនោះ កំពុងតែរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារការចាប់បំបែកកូនតូចៗ ចេញពីម្ដាយឪពុករបស់ពួកគេ ហើយយក​ដាក់​មណ្ឌល​ឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយ​ប្រទេសម៉ិចស៊ីកូ​។

សម្ដេចតេជោ ហ៊ុន សែន​ បានគូសបញ្ជាក់ថា តុលាការ​អាមេរិកចាត់ទុកថា អ្វីដែលជាការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ គឺត្រឹមត្រូវទាំងអស់ ខណៈដែលមុននោះ​តុលាការអាមេរិក ចាត់ទុកការសម្រេចនេះមិនត្រឹមត្រូវនោះទេ។ បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី បើទោះបីរឿងនោះ កើតនៅសហអាមេរិក តែបង្កផលប៉ះពាល់ដល់ប្រទេសដទៃទៀត។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការិនី សរុបប្រមាណ​​២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវប៉ុន្មានថ្ងៃនេះ នៅសហរដ្ឋអាមេរិក អំពើរំលោភសិទ្ធិមនុស្សត្រូវបានកើតឡើង យ៉ាងធំ ដោយបំបែកកូនពីម្ដាយ​នៅព្រំដែនម៉ិចស៊ីកូ។ តុលាការអាមេរិកចាត់ទុកថា អ្វីដែលជាការសម្រេចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺត្រឹមត្រូវទាំងអស់ ដែលមុននេះតុលាការអាមេរិកចាត់ទុកថា ការសម្រេចរបស់ប្រធានាធិបតីមិនត្រឹមត្រូវ តែឥលូវការហាមឃាត់ការធ្វើដំណើរពី​ប្រទេសនីមួយៗ ទៅកាន់សហរដ្ឋអាមេរិក តុលាការកំពូលអាមេរិកចាត់ទុកថាត្រឹមត្រូវ»

និយាយដល់ចំណុចនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម ហើយរហូតមានសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ក៏បានរំលឹកផងដែរ ពីបញ្ហាជនភៀសខ្លួននៅកម្ពុជា ​ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យពលរដ្ឋកម្ពុជាភៀសខ្លួនទៅនៅប្រទេសដទៃ។ ដូច្នេះមិនត្រូវធ្វើឲ្យពលរដ្ឋកម្ពុជា មានការភៀសខ្លួនដោយសារភ្លើងសង្គ្រាមទៀតនោះទេ។​

យ៉ាងនេះហើយ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់កម្មករ កម្មការិនី បន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងដើម្បីធានាដល់ប្រាក់ខែដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយការធានាមិនឲ្យមានសង្គ្រាម មិនឲ្យមានពលរដ្ឋភៀសខ្លួនដូចអតីតកាល ជាការងាយស្រួលនោះទេ គឺគ្រាន់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ នៅចុងខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ​ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ របស់ប្រទេសមហាអំណាចមួយនេះ ឧត្តមស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស UN លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានចេញ​មុខថ្កោលទោល ចំពោះគោលនយោបាយ​គ្មានត្រាប្រណី​ លើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូ​ របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​បំបែកបំបាក់​កុមារជាង ២,០០០នាក់ ចេញពី​ឪពុកម្ដាយ របស់ពួកគេ​ដែលត្រូវបានអាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន។

ដោយឡែក បើយើងងាកមកប្រទេសកម្ពុជា​ឯណេះវិញ អតីតបុគ្គលិកស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចំនួន៣២នាក់ ត្រូវបានស្ថានទូតបណ្ដេញចេញពីការងារ ដោយគ្មានភ័ស្ដុតាង​ច្បាស់លាស់ រហូតដល់ពួកគាត់ទាំង៣២នាក់ បានធ្វើបាតុកម្មតវ៉ានឹងការសម្រេចរបស់ស្ថានទូតប្រទេសមហាអំណាចមួយនេះ។ ក្រៅពីការធ្វើបាតុកម្ម អតីតបុគ្គលិកស្ថានទូតអាមេរិក បានដាក់ញ្ញត្តិដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ ពីខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕​​