(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ម្ចាស់ថៅកែឡាន រថយន្ដឈ្នួលទាំងអស់ កុំដំឡើងថ្លៃឈ្នួលពេល កម្មករ-កម្មការិនី ធ្វើដំណើរទៅស្រុកកំណើត ដើម្បីទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី សរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥​កើត ថ្ងៃពេញបូណ៌មី ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «សូមអំពាវនាវ ម្ចាស់ថៅកែឡាន កុំដំឡើងថ្លៃឡាន នៅក្នុងពេលដែលកម្មករ ជិះទៅបោះឆ្នោតនោះ...កាលពេលចូលឆ្នាំ គឺដាក់ឲ្យឡានរត់ ចេញពីទីក្រុងភ្នំពេញ ដល់ចឹង មានអី ធូរថ្លៃដែរ ម្ចាស់ថៅកែ ធ្លាប់តែឡើងថ្លៃៗ...ពេលភ្ជុំបិណ្ឌនឹងរៀបចំ តែពេលបោះឆ្នោតនេះមិនរៀបចំបានទេ ដោយសារតែវាលំបាកណាស់ ក្មួយៗ បានជិះឡានក៏ល្អ មិនបានជិះឡានក៏ល្អ ប៉ុន្ដែក្នុងពេលនឹងនៅក្នុង ទីក្រុងភ្នំពេញត្រូវការឡាន»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា «នៅពេលភ្ជុំបិណ្ឌ ច្បាស់ជាសាលាក្រុងរាជធានីភ្នំពេញ រៀបចំឡានសម្រាប់ក្មួយៗហើយ ព្រោះក្មួយៗ ត្រូវទៅធ្វើចូលរួមធ្វើបុណ្យ ដល់ពេលនឹងឡានឡើងថ្លៃម្ដងទៀត ចឹងត្រូវដាក់ថែមម្ដងទៀត កុំឲ្យម្ចាស់ឡាន និយាយមិនស្ដាប់គ្នាថ្ងៃក្រោយ គឺថាជួបកាលយើងជួលឡានគាត់ ទាំងអស់តែម្ដងដើម្បីឲ្យអ្នកជិះ កុំឲ្យគិតថ្លៃច្រើនពេក»

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យកម្មករ-កម្មការិនី ត្រូវខិតខំរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាម្ចាស់រោងចក្រ ខិតខំធ្វើយ៉ាងម្ដេច ឲ្យរោងចក្ររបស់យើង មានស្ថេរភាព កុំឲ្យមានបងតូច បងធំ នៅក្នុងរោងចក្រ ដែលមានការកាប់គ្នាដោយពូថៅ ដោយដាវ កុំឲ្យមានក្រុមបំពាន់គ្រឿនញៀន សេពគ្រឿងញៀន នៅក្នុងរោងចក្រ ត្រូវចេះជួយអប់រំគ្នា សាមគ្គីគ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា «បើសិនជាក្មួយៗ ធ្វើយ៉ាងនេះបាន យើងនឹងទទួលបានផលប្រយោជន៍ រយៈពេលវែង ហើយជំនឿទុកចិត្ត ពីអ្នកវិនិយោគមកកាន់ប្រទេសយើង ក៏នឹងល្អប្រសើរ គេមិនទៅដាក់វិនិយោគ សម្រាប់ប្រទេសដែលមានសង្គ្រាម ដូចកម្ពុជា ពីអតីតកាលនោះទេ ចោទចេញជាសំណួរថាតើ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ កាលពីដើមមានអ្វីខ្លះ ឥលូវមានអ្វីខ្លះ វាខុសគ្នាឆ្ងាយណាស់»