(ភ្នំពេញ)​៖​ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង​ ដោយមាន​ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់បានស្លាប់​នៅក្នុងបន្ទប់ជួល​ ដោយមានស្នាមជាំពេញមុខ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២​ថ្ងៃត្រង់​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ​ ដែលស្ថិតនៅក្នុងចំណុចផ្ទះជួល​បន្ទប់លេខ៣០​ ផ្លូវបេតុង​ ក្រុម​១២​ ភូមិគ្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​។

សពរងគ្រោះមានឈ្មោះ​ វេង​ ពិសិទ្ធ​​​ អាយុ​​២៩ឆ្នាំ​ មុខរបរ​​នៅផ្ទះ​ មានស្រុកកំណើតនៅភូមិជីអោក ឃុំជីអោក​ ស្រុកបារាយ​ ខេត្តកំពង់ធំ​ និងប្រពន្ធឈ្មោះ​ ឈុំ​ សុខណៃ​ អាយុ​​២៧ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ និងមានកូនប្រុសចំនួន​​២នាក់​ បច្ចុប្បន្នអ្នកទាំង​​២នាក់ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ​ ដើម្បីទៅយកកូនប្រុស​​២នាក់ ដែលចេញសាលារៀន​ ស្រាប់តែពេលនោះ​ គេបានឃើញជនរងគ្រោះត្រឡប់មកវិញ​ ដោយគ្មានឃើញកង់​ និងកូនប្រុសតូចៗទាំង ​២នាក់មកជាមួយទេ តែបែរជាឃើញខោអាវរបស់ជនរងគ្រោះ ប្រឡាក់ទៅដោយដី​ជាច្រើន​ ហើយនៅលើផ្ទៃមុខមានស្នាមជាំច្រើនកន្លែងទៀត​។

ភ្លាមៗនោះ​ ស្រាប់តែជនរងគ្រោះបានដួលសន្លប់នៅមុខក្លោងទ្វារផ្ទះជួល​ ហើយក៏ត្រូវ​ប្រជាពលរដ្ឋ​ និងម្ចាស់ផ្ទះជួល បាននាំគ្នាលើកជនរងគ្រោះ មកដាក់ក្នុងបន្ទប់ជួល​ តែពេលនោះ​​ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់​ទៅហើយ។​

ក្រោយពេលកើតហេតុ​ ប្រជាពលរដ្ឋបានរាយការណ៍​ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន​ ដើម្បីចុះមកធ្វើការត្រួតពិនិត្យទៅលើសាកសព។ ប៉ុន្តែក្រោយមក​ ក្រុមគ្រួសាររបស់ជនរងគ្រោះ មិនបានប្ដឹងផ្ដល់អ្វីនោះឡើយ ហើយក៏ត្រូវសមត្ថកិច្ចធ្វើកិច្ចសន្យា មិនប្តឹងផ្តល់​ និងប្រគល់សាកសពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕