(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្ពុជានឹងបញ្ជូនកងកងកម្លាំងយោធាចំនួន២៥រូប ដើម្បីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនរួម ជាមួយនឹងភាគីថៃ នៅក្នុងប្រទេសថៃ នាពេលខាងមុខនេះ។ ទោះជាងយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះ មិនទាន់បង្ហាញអំពីពេលវេលា នៃការធ្វើលំហាត់ហ្វឹកហ្វឺនរួមនេះនៅឡើយទេ។

បើតាម នាយឧត្តមសេនីយ៍រូបនេះ ការឯកភាពគ្នាក្នុងការបើកលំហាត់ហ្វឹកហ្វឺនរួមឡើងវិញរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ តានឆៃយ៉ា ស្រ៊ីសុវណ្ណ (Tarchaiyan Srisuwan) អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មកកាន់ប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុន។

នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា បានស្នើទៅកាន់ភាគីថៃ ដើម្បីបញ្ជូនកងទាហានទៅចូលរួមហ្វឹកហ្វឺនជាមួយភាគីថៃ ហើយភាគីថៃក៏បានយល់ព្រម។

នាយឧត្តមសេនីយ៍ ផ្កាយមាស៤ បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពថៃ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានផ្តល់អនុសាសន៍សម្រាប់ការហ្វឹកហ្វឺនរួមនេះ គឺកងទ័ពប្រទេសទាំងពីរ ត្រូវធ្វើការហ្វឹកហាត់នៅតាមបណ្តោយព្រំដែន ដើម្បីជួយសង្រ្គោះ ទប់ស្កាត់គ្រោះមហន្តរាយ ដែលកើតឡើងជាយឋាហេតុ។ បើក្នុងករណីមានគ្រោះមហន្តរាយដោយធម្មជាតិណាមួយ កងទ័ពទាំងពីរនឹងអាចជួយគ្នាបាន។

សូមបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា-ថៃ ត្រូវបានផ្អាកជាច្រើនឆ្នាំមកហើយ ចាប់តាំងមានពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរ នៅតំបន់ប្រាសាទព្រះវិហារ ដែលចាប់ផ្តើមឡើងកាលពីឆ្នាំ២០០៨៕