(ភ្នំពេញ​)៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយ កុំឱ្យប្រជាពលរដ្ឋ ជឿចំពោះការចែកចាយតាមបណ្តាញសង្គម Facebook នាថ្មីៗនេះដែលថា មានក្រុមរដ្ឋឥស្លាម (ISIS) កំពុងដើរចាក់បញ្ចូលមេរោគអេដស៍ ដល់ប្រជាពលរដ្ឋ នៅតាមផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយនោះ គឺជារឿងមិនពិតទាល់តែសោះ ហើយនគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ​ប្រ​ញាប់​រាយការណ៍​មក ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ចាត់វិធានការ​ លើអ្នកបំផុសបំផុលរឿងរ៉ាវក្លែងក្លាយនេះ។

ប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានដែលបានបង្ហោះតាមបណ្តាញសង្គម Facebook ដើម្បីបំភាន់ដល់ប្រជាពលរដ្ឋខ្មែរ។

ខ្លឹមសារបោកប្រាស់នោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រុងប្រយ័ត្ន....ប្រសិនបើនរណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នក ហើយនិយាយថា យើងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រចង់សាកល្បងជាតិស្ករក្នុងឈាមរបស់អ្នកដោយ ឥតគីតថ្លៃនោះ សូមលោកអ្នកកុំផ្តល់ការអនុញ្ញាតឱ្យគេធ្វើតេស្តឱ្យសោះ។ សូមហៅទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ។ ពួកគេគឺជាភេរវកម្ម I.S.I.S ពួកគេគឺដើម្បីចាក់ H.I.V មេរោគអេដស៍ចូលទៅក្នុងឈាមរបស់លោកអ្នក។ សូមចែករំលែកព័ត៌មាននេះ ទៅមិត្តភក្ភិ និងសាច់ញាតិរបស់លោកអ្នក។ សូមអរគុណពីប៉ូលីស»

​សូម​បញ្ជាក់​ថា​ ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ហើយ​បច្ចុប្បន្ន​បាន​ហូរ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ​ គឺ​វា​មិន​ពិត​នោះ​ទេ​ វា​ជា​ព័ត៌មាន​ក្លែងក្លាយ​៕