(កំពង់ចាម)៖ ក្នុងឱកាសចុះសំណេះសំណាលក្រុមបក្ស សាខាបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤០៨នាក់ នៅក្នុងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក ជូន យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម បានជួប បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនសម្ដេចតេជោ បន្ដធ្វើជានាយករដ្ឋមន្ដ្រី ។

លោកថ្លែងបន្ដថា នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្ថានភាពប្រទេស គឺមានស្ថេរភាពនយោបាយល្អ មានសន្តិសុខល្អ មានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ និងលើកស្ទួយជីវភាពរស់នៅល្អប្រសើរបស់ប្រជាជន ដូចមានសមិទ្ធិផលធំៗជាច្រើន ផ្លូវថ្នល់ អគ្គិសនី រោងចក្រ ជាដើម។

លោក ជូន យិនស៊ីម ក៏បានអំពាវនាវឱ្យសមាជិកទាំងអស់ ជួយផ្សព្វផ្សាយឱ្យប្រជាជនទាំងអស់ ដែលមានឯកសារគ្រប់គ្រាន់ ក្នុងការបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា សូមកុំជឿពាក្យឃោសនាអ្នកដ៏ទៃឱ្យសោះ ហើយទៅបោះឆ្នោត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់។ ត្រូវចងចាំជានិច្ចកាលថា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រទេសជាតិ និងប្រជាជន។

ទន្ទឹមនឹងនោះ លោកបានស្នើសុំដល់អង្គសំណេះសំណាលទាំងមូល ឱ្យយកចិត្តទុកដាក់ការពារ និងថែទាំសុខភាព សហការឱ្យបានល្អជាមួយអជ្ញាធរ មន្ត្រីសុខាភិបាលភូមិឃុំ និងប៉ុស្ត៍សុខភាព ចៀសវាងជំងឺដង្កាត់មួយចំនួន ដែលអាចការពារបាន និងបញ្ជូនបងប្អូនដែលឈឺថ្កាត់ទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ៕