(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកថា ការបោះឆ្នោតនាពេលខាងមុខនេះ ត្រូវកើតចេញពីឆ​ន្ទៈ និងប្រើប្រាស់សិទ្ធិដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើសគណបក្សនយោបាយណា ដែលនៅរួមសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ការថ្លែងបញ្ជាក់របស់តំណាងរាស្ត្រ លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន៦៣៩នាក់ ចុះពិនិត្យ និងព្យាបាល រួមនិងការផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន៤,៥១៨នាក់ នៅវិទ្យាល័យត្រែងត្រយឹង ភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតដោយឆន្ទៈ និងការប្រើប្រាស់សិទ្ធិរបស់លោកយាយ លោកតា ពុកម៉ែមាមីង បងប្អូន ជ្រើសរើសគណបក្សណាដែលខ្លួនគិតថា ពីមួយថ្ងៃទៅមួយថ្ងៃ និងក្នុងដំណាក់កាលមួយអាណត្តិ ទៅមួយអាណត្តិ នៅតែរួមសុខរួមទុក បន្តអភិវឌ្ឍជាមួយលោកយាយ លោកតា មិនមែន៥ឆ្នាំកុហកឃោសនាម្តង ហើយ៥ឆ្នាំ បានមកជួបម្តងទៀតនោះទេ»

លោកបន្តថា ប្រជាពលរដ្ឋប្រាកដជាដឹងច្បាស់ថា បក្សមួយណាដែលនៅតែងតែរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនមានការកុហក ហើយថែមទាំងបន្តការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយឥតឈប់ឈរ និងប្រឹងប្រែងស្វះស្វែងបន្តរកសន្តិភាព ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅកម្ពុជា នាគ្នាជឿជាក់លើ គណបក្សប្រជាជនកម្ពុជា ហើយក៏ត្រូវតែជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច។

ស្របពេលនឹងការអំពាវនាវរបស់ លោក ហ៊ុន ម៉ានី ឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃនោះផងដែរអ្នកស្រី អ៊ីស៊ិន សំអូន មានវ័យ៦២ឆ្នាំ រស់នៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលសព្វថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់ក្រោមម្លប់សុខសន្តិភាព ដោយមានផ្លូវថ្នល់ស្អាត ងាយស្រួលស្រួលក្នុងការធ្វើដំណើរ កកើតសាលារៀនជាកន្លែងផ្ទេរចំណេះដឹង ហើយសម្រាប់ជីវភាពប្រជាពលរដ្ឋ នៅឃុំត្រែងត្រយឹង មានជីវភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានមានសុវត្តិភាពងាយស្រួល ក្នុងការប្រកបរបរប្រចាំថ្ងៃ។

អ្នកស្រី សំអូន និយាយថា «ខ្ញុំនឹងទៅរួមបោះឆ្នោត ហើយក៏ខ្ញុំបោះឆ្នោតជូ​នសម្តេចតេជោ ហ៊ុន សែន រាល់លើកផងដែរ។ គ្រួសាររបស់ខ្ញុំនៅតែគាំទ្រសម្តេចទាំងអស់គ្នា»

លោក ហ៊ុន ផេន ពលរដ្ឋម្នាក់រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក៏មាការលើកឡើងស្រដៀងនឹងអ្នកស្រី សំអូន ផងដែរ ដោយគាត់បានបញ្ជាក់អំពីការរីកចម្រើន របស់កម្ពុជានាពេលសព្វថ្ងៃ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា។ លើសពីនេះលោកក៏បានប្តេជ្ញាយ៉ាងច្បាស់ថា នឹងទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រោះការបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

សូមជម្រាបថា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជពលរដ្ឋនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានពិនិត្យជំងឺរួមមាន៖ កុមារ៣៧១នាក់, ជំងឺស្រ្តី២៣២នាក់, ជំងឺផ្លូវចិត្ត១៩១នាក់, ជំងឺឫសដូងបាត២៧៦នាក់, ជំងឺសន្លាក់ឆ្អឹង២១៣នាក់, ជំងឺរលាកសួត១៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៣៥នាក់, ជំងឺភ្នែក២០៩នាក់, ជំងឺសើរស្បែក២៤៣នាក់, ជំងឺទឹកនោមផ្អែ២៦២នាក់, ជំងឺមាត់ធ្មេញ២៤៦នាក់, អេកូសាស្ត្រ១៩១នាក់ ព្យាបាលរបួសនិងវះកាត់តូច៥៤ និងជំងឺទូទៅ១,៧០៨នាក់។។

សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥២លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៣១៩,៨៨៦នាក់ ​(សាមសិបមួយម៉ឺន ប្រាំបួនពាន់ប្រាំបីរយ ប៉ែតសិបប្រាំមួយនាក់)៕