(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរជាបណ្តោះអាសន្ន លើក្រុមជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស។ ហើយនឹងបន្តចំណាត់ការនីតិវិធីលើសំណុំរឿងនេះ នៅថ្ងៃស្អែក។

គួររំលឹកថា នគបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណីជួលស្ត្រីខ្មែរ ឲ្យពពោះយកកូន ទៅលក់ឲ្យជនបរទេស។

កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាល​មូលដ្ឋាន បានចុះបង្ក្រាបករណីជួញដូរមនុស្ស​សម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើ​ពពោះជំនួស ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងរំដោះបាននារីរងគ្រោះចំនួន៣៣នាក់។

ប្រតិបត្តិការចុះបង្ក្រាបការពពោះជំនួសនេះ ​ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ ៩A ផ្លូវ៣៤៨ ​ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមនគរបាល​ប្រតិបត្តិការនេះ ស្ថិតក្រោមការ​សម្របសម្រួល​​ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

​លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១៖​ផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG​ អាយុ៤៩ឆ្នាំ​ និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ​2A-6883 ម៉ូតូហុងដា Today ពណ៌ខ្មៅ មួយគ្រឿង និងផ្ទះទី២៖ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 និង​ដកហូតឯកសារមួយចំនួន ​លិខិតឆ្លងដែន​ និងឯកសារពាក់ព័ន្ធផ្សេងៗ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានបញ្ជាក់ថា ដោយ​រាល់ថ្ងៃខ្លូន ធ្វើការនៅរោចក្រ​ បន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា បានលុយច្រើនរហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ​ក៏យល់ព្រម ពេលនោះ​មិត្តភក្តិក៏បានឲ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញ​តែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូល ដោយបានឈ្នួលក្នុងតម្លៃពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើត​ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។

ក្រោយប្រតិបត្តិការ​ស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ រីឯអ្នកមិនពាក់ព័ន្ធ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ខណៈជនសង្ស័យទាំង៥នាក់​ ត្រូវបញ្ជូនទៅតុលាការ៕