(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៣ព្រមៗគ្នា​ ក្នុងគោលបំណង ជួយសង្រ្គោះកុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ដើម្បីគេចផុតពីការរំលោភបំពាន។ បន្ថែមពីលើនេះ ការចុះកិច្ចព្រមព្រៀងនាពេលនេះ ក៏បានផ្តោតសំខាន់លើការលើកកម្ពស់ការសិក្សា និងផ្តល់ការស្នាក់នៅឲ្យបានសមរម្យ នៅតាមតំបន់ដាច់ស្រយាល និងតាមទីជនបទមួយចំនួន នៅប្រទេសកម្ពុជា។

អង្គការទាំង៣ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច រួមមានអង្គការ ផ្ទះមីគី អង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងអង្គការមេត្តា បេសកកម្ម និងព័ន្ធកិច្ចសហគមន៍។ កម្មវិធីនេះ មានការចូលរួមពី លោក ទេព ពុទ្ធា អគ្គនាយករងតំណាងលោក ហាច ហ៊ាន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ឡៅ វ៉េង អគ្គនាយករងតំណាងលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ថ្នាក់ដឹកនាំ ពីអង្គការទាំង៣ខាងលើ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។

លោក ទេព ពុទ្ធា បានសម្តែងការសាទរ ដែលអង្គការអង្គការ ផ្ទះមីគី អង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងអង្គការមេត្តា បេសកកម្ម និងព័ន្ធកិច្ចសហគមន៍ បានចូលរួមចុះកិច្ចព្រមព្រៀងជាមួយក្រសួង ក្នុងការធ្វើសកម្មភាពជួយដល់កុមារនៅកម្ពុជា។ លោកក៏បានអរគុណទៅដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីររាជធានីខេត្តពាក់ព័ន្ធជាពិសេស ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ដែលបានសហការអស់កម្លាំង កាយចិត្ត និងស្មារតីទទួលខុសត្រូវ និងសហការខ្ពស់ រហូតធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ ដំណើរការទៅដោយរលូន។

ជាមួយគ្នានោះ លោក ទេព ពុទ្ធា បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ជួយដល់ការអប់រំ ការសិក្សា និង អភិវឌ្ឍន៍កុមារ ងាយរងគ្រោះ នៅកម្ពុជា ដាច់ស្រយាល និងជួយដល់ កុមារ កំព្រា កុមារក្រីក្រ និងកុមារដែលរងគ្រោះ ដោយសារអំពើហិង្សា។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត៕