(ម៉ូស្គូ)៖ ពូល A និងពូល B នឹងបញ្ចប់វគ្គសន្សំពិន្ទុនារាត្រីថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈអេហ្ស៊ីប ត្រូវជួបអារ៉ាប៊ីសាអូឌីត និងអ៊ុយរ៉ាហ្គាយ ប៉ះម្ចាស់ផ្ទះរុស្ស៊ី មុនពេលអេស្ប៉ាញ ប៉ះម៉ារ៉ុក និងព័រទុយហ្គាល់ ជួបអ៊ីរ៉ង់។

២ប្រកួតបញ្ចប់វគ្គសន្សំពិន្ទុពូល A រាត្រីនេះ គឺជាការជួបគ្នារវាងក្រុមអាហ្រ្វិក អេហ្ស៊ីប នឹងត្រូវប៉ះក្រុមអាស៊ី អារ៉ាប៊ីសាអូឌីត ដែលជាការប្រកួតបង្រ្គប់កិច្ចមុនត្រឡប់ទៅផ្ទះវិញដូចគ្នាដែលចាប់ផ្តើមនៅម៉ោង ៩យប់នេះ ដំណាលគ្នានឹងក្រុមឡើងទៅ វគ្គ១៦ក្រុមរវាងអ៊ុយរ៉ាហ្គាយ ត្រូវប៉ះម្ចាស់ផ្ទះរុស្ស៊ី។

សម្រាប់២គូទៀតបញ្ចប់វគ្គសន្សំពិន្ទុនៃពូល B វិញ គឺជាការប្រកួតស៊ីសាច់ហុតឈាមរវាងអ៊ីរ៉ង់ និងព័រទុយហ្គាល់ ស្របពេលអេស្ប៉ាញ ត្រូវជួបក្រុមហាលអាវ ម៉ារ៉ុក នាម៉ោង ១រំលងអាធ្រាត្រនេះ ក្នុងនាមខ្លាកំណាចនៅអឺរ៉ុប អេស្ប៉ាញ និងព័រទុយហ្គាល់ កំពុងឈរនៅកំពូលតារាងដោយមាន ៤ពិន្ទុស្មើគ្នា ខណៈដែលអ៊ីរ៉ង់ មាន៣ពិន្ទុក្នុងដៃឈរនៅលេខ៣ បណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់វគ្គសន្សំពិន្ទុនារាត្រីនេះទៅ រូបមន្តរបស់ FIFA គឺក្រុមដែលស្ថិតក្នុងពូល A ត្រូវប្រ កួតខ្វែងពូលជាមួយនឹងពូល B សម្រាប់២ក្រុមដែលឡើងទៅវគ្គ១៦ចុងក្រោយ មានន័យថា ក្រុមលេខ១ ពូល A នឹងត្រូវប្រកួតទល់នឹងក្រុមលេខ២ ពូល B ហើយក្រុមលេខ១ ពូល B នឹងត្រូវប៉ះក្រុមលេខ២ ក្នុងពូល A វិញម្តង៕