(ឧត្តរមានជ័យ​)៖​ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៨នេះ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ ​បានសហការជាមួយកម្លាំងប៉ុស្តិ៍​ រដ្ឋបាលសង្កាត់អូរស្មាច់ បានឃាត់ខ្លួនម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញឿនមួយចំនួនធំ នៅចំណុចភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក​ឧត្ដមសេនីយ៍​ទោ​ មែន​ លី​ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា​ កម្លាំងជំនាញខេត្តបាន​​ចុះស្រាវជ្រាវ​ជាច្រើនថ្ងៃ​រហូតឈានមកដល់ការបង្ក្រាប​ករណីខាងលើនេះ បានសម្រេច​ និងឃាត់ខ្លួនស្ត្រី​សង្ស័យ​ឈ្មោះ លឿង សុភាព អាយុ២៨ឆ្នាំ រស់នៅភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក​ឧត្ដមសេនីយ៍​ទោ​ មែន​ លី បានបន្តថា វត្ថតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១១២គ្រាប់ ខៀវ១គ្រាប់
និងមេតំហ្វេតាមីន ICE ចំនួន៦២កព្ចាប់ស្មើនឹង៦.៨៥ក្រាម, ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ននេះ ស្ត្រីជាជនសង្ស័យ រួមទាំងវត្ថតាងត្រូវបាន​សមត្ថកិច្ច​ជំនាញ​ កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ដើម្បីចាត់​ការ​តាមនីតិវិធីច្បាប់​៕