(ស្វាយរៀង)៖ លោក ចាន់ សារ៉ាន់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ​ចុះជួយសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងលោកស្រី កែវ សារុំ តំណាងនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ​នៅ​ថ្ងៃទី​២៥ ខែមិថុនា​ ឆ្នាំ​២០១៨នេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងទៀន​ព្រះវស្សា​ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

វត្តចំនួន៤ ដែលទទួលបានទេយ្យទាន ទី១៖ វត្តពោធិ៍ថ្មី, ទី២៖ វត្តតាឡុក, ទី៣៖ វត្តបុពារាម, ទី៤៖ វត្តតាពៅ ក្នុងវត្តនីមួយៗ ទទួលបានទៀនវស្សា១គូ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៣០ម៉ឹនរៀល ព្រះសង្ឃចំនួន៣៩អង្គ ក្នុងមួយអង្គៗ ទទួលបានស្លាដកមួយ ថវិកា៣ម៉ឺនរៀល, តាជី យាយជី ចំនួន២០នាក់់ ក្នុងម្នាក់ៗ ទទួលបានត្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀលផងដែរ។

លោក ចាន់ សារ៉ាន់ បានផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់លោកនាយឧត្តមសេនីយ៍ ម៉ឺង សំផន ជាប្រធានក្រុមការងារ ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ដែលជានិច្ចកាលតែងតែនឹករលឹក ដល់បងប្អូនគ្រប់ពេលទីណា មានទុកលំបាកទីនោះ ពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជន ជួយបានទាន់ពេល។

លោកបានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាស បានធ្វើបុណ្យធ្វើទាន និងអភិវឌ្ឍន៍ប្រទេសឥតឈប់ឈរ ដូចសព្វថ្ងៃនេះ ដូច្នេះហើយយើងត្រូវរួមគ្នារក្សាតំលៃ នៃសន្តិភាពនេះ ឲ្យស្ថិតស្ថេរ គង់វង្ស យូអង្វែង។​​ លោកក៏បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ជឿ​ការ​ញុះញង់ របស់​បុគ្គល​មួយចំនួន ​ដែល​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ ហើយ​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ ​ចំពោះ​បុគ្គល​ទាំងនោះ មក​អប់រំ​ផងដែរ​។​

​ក្នុងឱកាសនោះ លោក​បាន​អំពាវនាវ ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ ដើម្បី​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ​​គឺបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ​ដើម្បី​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ៕