(ត្បូងឃ្មុំ)៖ ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃអាទិត្យ ១២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានបន្តធ្វើសកម្មភាពមនុស្សធម៌ ដោយចូលរួមជាមួយព្រះសង្ឃ ទឹកចិត្តសមណសង្គហធម៌ ដើម្បីធ្វើកម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនា និងចែកអំណោយសប្បុរសធម៌ ដល់សិស្សានុសិស្ស នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដោយសារសម្លេងស្មូត្រយ៉ាងក្រអួនក្រអៅពីក្រុមព្រះសង្ឃ ពោរពេញដោយខ្លឹមសារអប់រំ ដែលរៀបរាប់ពីទុក្ខលំបាករបស់ឪពុកម្តាយ បានអង្រួនបេះដូងកុមារជាង ៤០០០នាក់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ សិស្សានុសិស្សទាំងអស់ មានអាកប្បកិរិយាសង្វេគ ចំពោះទង្វើរបស់ខ្លួន ដែលធ្លាប់មានឥរិយាបទមិនសមរម្យ មិនស្តាប់ការប្រៀនប្រដៅ ព្រមទាំងធ្លាប់ធ្វើខុសដាក់អ្នកមានគុណរបស់ពួកគេ។

តំណាងក្រុមកុមារ បានរៀបរាប់ទាំងអួលដើមកថា ខ្លួនគេបានធ្វើខុសចំពោះឪពុកម្តាយគេ និងតែងតែតវ៉ាគ្រប់ពេលដែលពួកគាត់ ណែនាំកុំឲ្យដើរលេងផ្តេសផ្តាស ឬប្រើឲ្យធ្វើការជាដើម។ តំណាងក្រុម បានបន្តថា ពីមុនខ្លួនគេតែងតែគិតថា ឪពុកម្តាយមិនដែលស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះរូបគេឡើយ ដែលពួកគាត់តែងតែហាមប្រាមមិនឲ្យខ្លួនដើរលេងពេលយប់ ផ្ទុយទៅវិញអ្នកមានគុណទាំងពីរ បានគិតពីសុវត្ថិភាព ព្រួយបារម្ភចំពោះកូន ខ្លាចកូនដើរធ្លាក់ក្នុងរណ្តៅអបាយមុខ។

តំណាងក្រុមកុមាររូបនេះ បានបន្ថែមថា នៅពេលដែលបានស្តាប់ការអប់រំ ពីក្រុមព្រះសង្ឃដែលនិមន្តមកពីភ្នំពេញ ធ្វើឲ្យពួកគេអាណិតអាសូរ និងស្តាយនូវកំហុសដែលធ្លាប់បានប្រព្រឹត្ត ក៏ដូចជាប្រើពាក្យទ្រគោះតបតនឹងឪពុកម្តាយ។ ជាមួយគ្នានេះ កុមារទាំងមូល បានប្តេជ្ញាខិតខំរៀនសូត្រ និងស្តាប់បង្គាប់ឪពុកម្តាយ មិនធ្វើឲ្យពួកគាត់ពិបាកចិត្តទៀតឡើយ។

ក្នុងឱកាសនោះដែរ ព្រះតេជគុណ ឆន ហ៊ាង ព្រះប្រធានកម្មវិធី បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ។ ព្រះសង្ឃជាច្រើនអង្គ កំពុងធ្វើការបញ្ជ្រាបចំណេះដឹង សីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្ស ការអប់រំតាមបែបព្រះពុទ្ធសាសនា ដើម្បីសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ពីតម្លៃរបស់ជាតិខ្មែរ ក៏ដូចជាខិតខំគោរពប្រតិបត្តិមាតាបិតាខ្លួនផងដែរ។

ព្រះតេជគុណ បានមានសង្ឃដីកាបន្តថា សកម្មភាពបង្រៀនកុមារតាមបែបព្រះពុទ្ធសាសនា ជាផ្នែកមួយនៃផ្លូវពុទ្ធិចក្រ ដែលធ្វើឲ្យផ្លូវអាណាចក្រ មានការរីកចម្រើនកាន់តែខ្លាំង។ ភាពរីកចម្រើននៅក្នុងប្រទេសមួយ អាស្រ័យលើការយល់ដឹងរបស់កុមារដែលជាទំពាំងជំនាន់ក្រោយ នៅពេលដែលកុមារគ្រប់គ្នាយល់ពីតម្លៃគ្រួសារច្បាស់ ពួកគេនឹងចាប់ផ្តើមក្លាយជាពលរដ្ឋល្អ ដែលជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ព្រះតេជគុណ ហ៊ួយ ម៉េងទៀង តំណាងឲ្យក្រុមនិស្សិតសប្បុរសធម៌ សាកលវិទ្យាល័យ RULE បានមានសង្ឃដីកាថា ក្រុមនិស្សិតពិតជាចង់ខ្លាំងណាស់ ការចូលរួមអភិវឌ្ឍន៍សង្គមយើងមួយនេះ ឲ្យកាន់តែប្រសើរឡើង ដូច្នេះហើយសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា យុវជនមិននៅស្ងៀម ឬមិនអើពើចំពោះសង្គមនោះទេ។ ព្រះអង្គបានមានសង្ឃដីកាបន្តថា ការលះបង់ ភាពស្មោះត្រង់ និងការសង្រោះ គឺជាភាពចាំបាច់បំផុតដែលត្រូវចូលរួមទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសហគមន៍ ទាំងអស់គ្នាដើម្បីការអប់រំ។

ព្រះតេជគុណ សូមថ្លែងអំណរអរព្រះគុណ និងអរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអ្នកចូលរួមទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារៈ។ ព្រះអង្គ ក៏បានសំណូមពរ ឲ្យមានការឧបត្ថម្ភបន្ថែមទៀត ពីសំណាក់សប្បុរសជននានា ដើម្បីគាំទ្រឲ្យមានសកម្មភាពបែបនេះ កាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា និងសូមប្រគេន ជូនបុណ្យដល់ក្រុមការងារ ប្រជាពលរដ្ឋខ្មែរទាំងអស់ នូវពុទ្ធិពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា កម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនា និងចែកអំណោយសប្បុរសធម៌ ត្រូវបានធ្វើឡើងដោយចែកចេញជា២វគ្គ គឺពេលព្រឹកស្ថិតនៅ ភូមិពោធិស្រុក ឃុំកោងកាង ដែលមានសិស្សានុសិស្សចំនួន ៤,២១១នាក់ គ្រូបង្រៀនចំនួន ៨៧នាក់ និងចាស់ជរាចំនួន ១០០នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន ពញាក្រែក។ ដោយឡែក នៅពេលរសៀល កម្មវិធីបានបន្តប្រគេនអំណោយសប្បុរសធម៌ដល់សមណសិស្សចំនួន ៨៧អង្គ សិស្សានុសិស្សចំនួន ៣៥០នាក់ គ្រូបង្រៀនចំនួន ១២នាក់ ចាស់ជរាចំនួន ៥០នាក់ នៅសាលសាអន្តរជាតិដើម្បីសង្គមវត្តសិរីសុខា ស្ថិតក្នុងវត្តសិរីសុខ។

និស្សិតសាកលវិទ្យាល័យ RULE និងក្រុមព្រះសង្ឃសមណសង្គហធម៌ បានបង្កើតកម្មវិធីនេះឡើងក្នុងមានគោលបំណង អប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ពីគុណមាតាបិតា ព្រមទាំងចែកសម្ភារសិក្សាដល់កុមារ ដើម្បីឲ្យពួកគេមានសេចក្តីល្អ ដោយបដិបត្តិតាមពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូ នៃពុទ្ធសាសនិកជនគ្រប់ៗគ្នា៕