(ភ្នំពេញ)៖ ដោយទទួលស្គាល់ពីស្ថាប័ន Guinness World Records និងជាកម្មវិធីទូរទស្សន៍ franchise ដ៏មានភាពជោគជ័យបំផុត នៅក្នុងពិភពលោក កម្មវិធី Cambodia’s Got Talent ដែលមាន១៣វគ្គនេះ នឹងត្រូវធ្វើ ឡើងនៅសាលមហោស្រព NABA ដែលស្ថិតនៅក្នុងណាហ្គាទី២ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថា NABA គឺជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា និងជាទីតាំងផ្លូវការ នៃកម្មវិធី Cambodia’s Got Talent។

លោក Sean Kneale ដែលជាទីប្រឹក្សាប្រតិបត្តិនៃកម្មវិធី Got Talent ពិភពលោក បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលក្រុមហ៊ុនណាហ្គាវើលដ៍ អនុញ្ញាតឲ្យយើងដំណើរការ និងថតនៅក្នុង សាលមហោស្រព NABA ដ៏អស្ចារ្យនេះ, ខ្ញុំបានទៅសាលមហោស្រពជាច្រើន ជុំវិញពិភពលោក ហើយសាលមហោស្រព NABA គឺជាសាលមហោស្រព លំដាប់ពិភពលោកពិតៗ»

ដោយឡែកនាយកគ្រប់គ្រងកម្មវិធី នៃក្រុមហ៊ុនហង្សមាស លោក អ៊ឹង សុខលី បានឲ្យដឹងថា «សាលមហោស្រព NABA ដ៏ធំនេះ បានក្លាយជាទីកន្លែង សម្រាប់ការសម្តែងជាតិ និងអន្តរជាតិជាច្រើន ចាប់តាំងពីបាន បើកសម្ពោធកាលពីចុងឆ្នាំមុន។ ប្រព័ន្ធសំឡេង និងភ្លើងដ៏ទំនើប ព្រមទាំងទីតាំងយុទ្ធសាស្ត្ររបស់ NABA បានធ្វើឲ្យ NABA ក្លាយជាទីតាំងដ៏ស័ក្តិសមបំផុត សម្រាប់កម្មវិធី Cambodia’s Got Talent នេះ»

លោក Mike Ngai នាយកប្រតិបត្តិផ្នែកទីផ្សារ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានលើកឡើងថា «យើងមានមោទនភាពយ៉ាងខ្លាំង ដែលសាលមហោស្រព NABA របស់យើងនឹងក្លាយជាទីតាំងផ្លូវការ នៃកម្មវិធី Cambodia’s Got Talent រដូវកាលទី២នេះ។

ក្នុងនាមជាមណ្ឌលកម្សាន្តចម្រុះ លំដាប់កំពូលមួយប្រចាំតំបន់ យើងតែងតែទន្ទឹងរង់ចាំ សហការជាដៃគូដ៏ល្អបែបនេះ ខណៈវានឹងផ្តល់នូវឱកាសដ៏ល្អ សម្រាប់អ្នកដែលមានសមត្ថភាព អាចបង្ហាញទេពកោសល្យពិសេស របស់ខ្លួន នៅលើឆាកអន្តរជាតិ។ វគ្គ audition ដែលមាន៦ថ្ងៃជាប់ៗគ្នា នឹងប្រព្រឹត្តទៅ នៅសាលមហោស្រព NABA ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា។

អ្នកប្រកួតទាំងអស់ ត្រូវបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅវគ្គបន្ទាប់, កម្មវិធីនេះ បើកឲ្យសាធារណជនទូទៅ អាចចូលទស្សនាដោយសេរី! សូមចូលរួមធ្វើជាសាក្សី និងទះដៃ អបអរដល់ បេក្ខជន-បេក្ខនារី ដែលអ្នកពេញចិត្ត ដើម្បីឲ្យពួកគាត់អាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កម្មវិធីនេះ មានការចូលរួមអត្ថាធិប្បាយ ពីពិធីករវោហារមិនចេះរីងស្ងួត លោក ជា វិបុល និងលោក សាន វិសាល ចំណែកគណកម្មការ រួមមាន៖ កំពូលតារាចម្រៀងព្រាប សុវត្ថិ, អ្នកនាង ខាត់ សុឃីម និងកំពូលតារាកំប្លែងនាយកុយ និងនាយក្រឹម។

NABA មានកៅអីសរុប ២,០០០ សម្រាប់វគ្គ audition នីមួយៗ, មកមុន បានមុន ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៩យប់រៀងរាល់ថ្ងៃ ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១ កក្កដា នៅសាលមហោស្រព NABA ។ សាលមហោស្រព NABA មានទីតាំងនៅជាន់ទី២ ណាហ្គាទី២ ទល់មុខភោជនីយដ្ឋានប៊ុហ្វេ អន្តរជាតិ 2Pangea។ លោកអ្នក អាចចតរថយន្តនៅអាគារសណ្ឋាគារណាហ្គាទី២ ដោយឥតគិតថ្លៃ៕

សហការរីករាយ !

គណកម្មការ និងទីប្រឹក្សាប្រតិបត្តិនៃកម្មវិធី Got Talent ពិភពលោកក្នុងសន្និសីទសារព័ត៌មាន

គណកម្មការ និងទីប្រឹក្សាប្រតិបត្តិនៃកម្មវិធី Got Talent ពិភពលោកក្នុងសន្និសីទសារព័ត៌មាន