(ព្រះសីហុន)៖ ថ្លែងចេញពីទឹកដីទិសនិរតី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាក្រីក្រណាស់ តែបច្ចុប្បន្នស្ថានភាពខុសគ្នាឆ្ងាយណាស់ គឺកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពជាប្រទេសមានការអភិវឌ្ឍន៍។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅនៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ កំពុងផែពហុបំណង ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតម្លៃប្រមាណ៧៤លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងក្រីក្រណាស់ក្រោយឆ្នាំ៧៩ តែអីឡូវនេះ យើងស្ថិតនៅក្នុងស្ថានភាពមួយកំពុង មានការអភិវឌ្ឍ ហើយដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍវាងាយស្រួលទេ គឺបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតា បាច់ផ្កាឈរ នូវលេខរៀងទី២០ គឺវាឆាប់ចប់ទេ នេះជាការធានាអះអាងតែមួយគត់ដែលមានក្នុងដៃ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំៗ ហើយយើងសង្ឃឹមថា នៅក្នុងឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនក្នុងកម្រិត៧ភាគរយ ជាបន្តទៀត ដែលអាចមានលទ្ធភាពធ្វើឱ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលកាន់តែខ្ពស់ និងដើម្បីធានាដល់ការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ បុគ្គលិក កម្មករ-កម្មការិនី ឱ្យមានប្រាក់បៀរវត្តកើនឡើងបន្ថែមទៀត ឱ្យបានសមរម្យផងដែរ។

សម្តេចបានបញ្ជាក់ថា ដើម្បីធានាបានកំណើនសេដ្ឋកិច្ច ធានាបានមុខរបរ និងការដំឡើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជាបន្តទៅទៀត។ ជាមួយគ្នានេះសម្តេចបានរំលឹកថា គ្មានទេប្រទេសដែលមានសង្គ្រាម ដែលមានការអភិវឌ្ឍនោះ គឺមិនអាចទៅរួចនោះទេ ជាក់ស្តែងនៅឆ្នាំ១៩៧០ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយបានបំផ្លិចបំផ្លាញនាំមកនូវវិនាសសកម្មគ្រប់បែបយ៉ាង ធ្វើឱ្យពលរដ្ឋព្រាតប្រាស់ក្រុមគ្រួសារ ប្រពន្ធកូន។ ដូច្នេះកម្ពុជា បានជួបសោនាដកម្មគ្រប់គ្រាន់ហើយដោយសារ តែសង្គ្រាម និងរបបប៉ុលពត បច្ចុប្បន្នកម្ពុជា មានប៉ុណ្ណឹងហើយរាជរដ្ឋាភិបាលនឹងបន្តដឹកនាំឱ្យមានការរីកលូតលាស់បន្ថែមទៀត ដើម្បីប្រជាពលរដ្ឋកម្ពុជាផងដែរ៕