(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនពរឲ្យក្រុមបាល់ទាត់ជម្រើសជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមសាម៉ូរៃជប៉ុន កំពុងឈរនៅកំពូលតារាងនៃពូល H ស្ថិតនៅលើផ្លូវឆ្លងចូលវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីរកបាន ១ពិន្ទុបន្ថែមចុងម៉ោងនាយប់មិញនេះក្នុងលទ្ធផលស្មើគ្នា ២ទល់នឹង២ ពេលប៉ះសេណេហ្គាល់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ជូនពរឲ្យជប៉ុនអាចឆ្លងចូលទៅវគ្គ១៦ក្រុមនៅ World Cup ក្នុងប្រទេសរុស្ស៊ី, សម្តេចថ្លែងថា ជោគជ័យរបស់ជប៉ុន គឺជាមោទនភាពរបស់អាស៊ីទាំងមូល មិនមែនជាមោទនភាពតែជប៉ុននោះទេ តែសម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំលេងភ្នាល់បាល់ ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោកនេះ ដោយឧទាហរណ៍ជាក់ស្តែង មានជនជាតិប្រទេសដទៃ ខ្លះបានធ្វើអត្តឃាត ព្រោះតែចាញ់បាល់ទាត់នេះ»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចចាប់យកជប៉ុនតាំងពីចាប់ផ្តើមការប្រកួតមក ព្រោះជប៉ុនជាក្រុមមកពីអាស៊ី ដូច្នេះអាស៊ីត្រូវគាំទ្រអាស៊ី ដោយសម្តេចមានក្តីរំពឹងថា ជប៉ុននឹងឈ្នះប៉ូឡូញឡើងទៅវគ្គ១៦ក្រុម ក្នុងការប្រកួតជុំទី៣ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្របពេលសេណេហ្គាល់ ត្រូវជួបកូឡុំប៊ី នៅម៉ោងដំណាលគ្នាដែរ។

សូមបញ្ជាក់ផងដែរថា ជប៉ុន ជាក្តីសង្ឃឹមតែមួយគត់សម្រាប់អាស៊ីដែលអាចឆ្លងចូលវគ្គ ១៦ក្រុមនៅ World Cup 2018 ក្នុងចំណោម ៥ក្រុមតំណាងឲ្យទ្វីបអាស៊ី ខណៈ២ក្រុមទៀតមានអ៊ីរ៉ង់ និងអូស្តា្រលីនៅមានសង្ឃឹមតិចតួច និង២ក្រុមទៀតបានហាលអាវបាត់ទៅហើយ រួមមាន អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃប្រមាណ ៧៤លានដុល្លារសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨៕